នៅហុងកុង អំឡុងឆ្នាំ១៩៩០ នៅពេលដែលរឿងបែបស្រើបស្រាល កំពុងតែមានប្រជាប្រិយភាពខ្លាំង តារាស្រី Shu Qi ត្រូវបានគេឲ្យងារថា “រាជិនីរឿងអាសអាភាស” ព្រោះនាងស្អាតគ្មានពីរហើយក៏មានទេពកោសល្យសម្ដែងល្អទៀត។
ដើរលើវិថីសិល្បៈជាង៣០ឆ្នាំ ភាពជោគជ័យរបស់ Shu Qi គឺបានមកពីការតស៊ូមិនឈប់ឈរដើម្បីតបសងទៅនឹងកំហុសឆ្គងកាលពីក្មេង ក៏ដូចជាបញ្ជាក់នូវតម្លៃពិតប្រាកដរបស់ខ្លួន។
បច្ចុប្បន្ន Shu Qi ជាតារាស្រីជួរមុខម្នាក់ ដែលមានឥទ្ធិពលមិនត្រឹមតែនៅអាស៊ីទេ តែនាងបានធ្លាយទៅដល់ទីផ្សារអន្តរជាតិទៀតផង។ ទោះបែបនេះក្ដី ពេលនឹកដល់ Shu Qi មនុស្សមួយចំនួនគឺដិតដាមជាប់ អតីតកាលរបស់នាង ដែលជារាជិនីរឿងអាសអាភាសក្នុងសតវត្សមុន។
ជីវិតលំបាកក្នុងកុមារភាព
Shu Qi មានឈ្មោះពិតថា Lin Li Hui កើតឆ្នាំ ១៩៧៦ ក្នុងគ្រួសារអ្នកក្រីក្រមួយនៅតៃវ៉ាន់។ ម្ដាយរបស់ Shu Qi កើតនាងនៅពេលដែលគាត់មានអាយុទើបតែ ១៨ ឆ្នាំ។
អាយុ ១៣ ឆ្នាំ នាងចេះរកលុយខ្លួនឯងដោយរៀនធ្វើរបស់ហត្ថកម្មពីម្ដាយ និងយកទៅលក់ក្រៅពេលរៀន។
ឈានចូលអាយុ ១៦ ឆ្នាំ ដោយសារការគាបសង្កត់ពីឪពុកម្ដាយខ្លាំងពេក ក្មេងស្រីម្នាក់នេះបានឈប់រៀននិងរត់ចេញពីផ្ទះ។ ក្មេងស្រីអាយុ ១៦ ឆ្នាំរូបនេះបានរស់នៅដោយម្នាក់ឯងអស់រយៈពេល ៦ ខែ។ នាងធ្វើជាតារាម៉ូដែលឲ្យទស្សនាវដ្ដីបុរសមួយចំនួនដែលថតរូបអាក្រាត និងចាប់ផ្ដើមយករហស្សនាមថា Shu Qi។
កន្លះឆ្នាំក្រោយពីរត់ចេញពីផ្ទះ តារាសម្ដែងវ័យ ៣៩ ឆ្នាំរូបនេះចាប់ផ្ដើមយល់ពីជម្រៅចិត្តរបស់ម្ដាយរបស់ខ្លួន ថាគាត់ពិតជាស្រឡាញ់នាងខ្លាំងប៉ុណ្ណាគឺនៅពេលដែលនាងជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលប្រណាំងឡានជាមួយមិត្តភក្តិ។
កំហុសឆ្គងអាយុ ១៧ ឆ្នាំ
ក្នុងវ័យ ១៧ ឆ្នាំ Shu Qi ក៏មាននិមិត្តរូបផ្ទាល់ខ្លួនដែរ។ តារាដែលនាងស្រលាញ់នោះគឺ Veronica Yip។ Veronica Yip ល្បីឈ្មោះតាមរយៈការថតរឿងអាសអាភាស “Pretty Woman”។ ដោយសារហេតុនេះ នាងបានសម្រេចចិត្តតាមចាប់ក្ដីសុបិនរបស់ខ្លួន ដោយវេចបង្វេចទៅរស់នៅ ទីក្រុងហុងកុង។ អ្វីដែលនាងយកតាមខ្លួននៅពេលនោះគឺសម្រស់ដ៏ស្រស់ស្អាតនិងភាពជឿជាក់ថាបើ Veronica ធ្វើបានខ្លួននាងក៏អាចធ្វើបាន។
ក្នុងវ័យ ១៧ ឆ្នាំ Shu Qi បានថតរូបស្រាតរាប់មិនអស់ឲ្យទស្សនាវដ្ដីសម្រាប់បុរស។ និយាយពីរឿងហ៊ានថតរូបអាក្រាតទាំងនេះ Shu Qi បានសារភាពថា “នៅពេលនោះខ្ញុំនៅឆោតល្ងង់ពេក។ ក្រុមហ៊ុនតំណាងរបស់ខ្ញុំប្រាប់ថា វាជាការលះបង់ដើម្បីសិល្បៈ។
ពីតារាអាសអាភាសក្លាយជាតារាសម្ដែងជួរមុខ
Shu Qi បានបោះបង់ចោលការថតរឿងអាសអាភាស ប្ដូរមកថតភាពយន្តធម្មតាវិញ ដោយការដើរតួរងក្នុងរឿងជាច្រើន។
ទេពកោសល្យសម្ដែងពិតប្រាកដបាននាំមកឲ្យ Shu Qi នូវពានរង្វាន់វិជ្ជាជីវៈលើកទីមួយ។ ក្នុងឆ្នាំ ១៩៩៧ តារាសម្ដែងទើបរះ Shu Qi បានចូលរួមសម្ដែងក្នុងរឿងជាច្រើន នៅក្នុងនោះតួសម្ដែងរបស់ Shu Qi ក្នុងរឿង “Viva Erotica” បានឈ្នះពានតួរងល្អបំផុត ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Statue ដែលជាពានរង្វាន់ភាពយន្តដ៏ធំមួយរបស់ហុងកុង។
ពានរង្វាន់នេះបានធ្វើឲ្យ Shu Qi ត្រូវបានអ្នកដឹកនាំរឿងជាច្រើនចាប់អារម្មណ៍។ ចាប់ផ្ដើមពីពេលនោះមក នាងបានខំប្រឹងមិនឈប់ឈរក្នុងរឿងដែលមានន័យពិតប្រាកដ មិនមែនគ្រាន់តែការដោះខោអាវនោះទេ។ មិនត្រឹមតែទទួលជោគជ័យនៅក្នុងស្រុក Shu Qi បានពង្រីកខ្លួនទៅដល់ទីផ្សារអន្តរជាតិទៀតផង ដោយបានចូលរួមសម្ដែងក្នុងរឿងហូលីវូដដំបូងក្នុងឆ្នាំ ២០០២ រឿង “Transporter”។
ជីវិតរបស់ Shu Qi បានបើកទៅទំព័រថ្មីមួយទៀតក្នុងឆ្នាំ ២០០៥ នោះគឺនៅពេលដែលតារាសម្ដែងរូបនេះបានឈ្នះពាន តារាសម្ដែងស្រីល្អបំផុតក្នុងកម្មវិធីប្រគល់ពាន Golden Horse សម្រាប់រឿង “Best of Times”។
បន្ទាប់ពីនោះ Shu Qi ទទួលថតតែរឿងដែលមានគំនិតសិល្បៈជ្រៅ ឬរឿងដែលត្រូវបានចំណាយទុនច្រើន។ ជាក់ស្ដែងក្នុងឆ្នាំ ២០០៨ រឿង “If You Are the One” រកចំណូលបានរហូតដល់ ៤៩ លានដុល្លារ។ រឿង “Journey To the West” ក្នុងឆ្នាំ ២០១៣ រកបានដល់ទៅ ១៨៨ លានដុល្លារ។
នាពេលនេះ ក្នុងវ័យ ៤៤ ឆ្នាំ Shu Qi ជាតារាជួរមុខក្នុងបណ្ដាប្រទេសអាស៊ី។ គ្រប់សកម្មភាពរបស់ Shu Qi ទាំងអស់ត្រូវបានសារព័ត៌មានក៏ដូចជាទស្សនិកជនចាប់អារម្មណ៍ជានិច្ច។
យ៉ាងណាមិញ អ្វីដែលសំខាន់បំផុត Shu Qi បានបញ្ជាក់ឲ្យឃើញថា អ្នកណាក៏មានអតីតកាល តែតម្លៃពិតប្រាកដរបស់អ្នកនឹងត្រូវបានទទួលស្គាល់បើអ្នកព្យាយាមគ្រប់កាលៈទេសៈ៕
អត្ថបទ៖ ផេង ផលធិតា