រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានដល់អង្គការ WHO ឈប់ផ្ដល់ជំនួយជារៀងរហូត ហើយដកអាមេរិកចេញពីអង្គការនេះថែមទៀតផង។ រុស្ស៊ីបានបញ្ជាក់ថា WHO មិនមែនជាគ្រាប់បាល់ សម្រាប់ទាត់នោះឡើយ។
រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានបញ្ជាក់ថា «យើងសូមប្រឆាំងរាល់ចេតនាបំផ្លាញ ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។ ខ្ញុំចង់សំដៅទៅអាមេរិក និងប្រទេសដែលស្តាប់បង្គាប់ និងដើមតាមអាមេរិក ត្រូវតែឈប់ធ្វើឲ្យបញ្ហាកូវីដ១៩ ប្រែក្លាយទៅជារឿងនយោបាយ ហើយ WHO ក៏មិនមែនជាគ្រាប់បាល់សម្រាប់អ្នកទាត់នោះឡើយ»។
ជាមួយគ្នានេះដែរ ប្រទេសក្នុងតំបន់អឺរ៉ុប ក៏បានប្រកាសបន្តគាំទ្រដល់សកម្មភាពរបស់ WHO នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ផ្ទុយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមាន ដល់អង្គការ WHO ហើយទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើអង្គការសុខភាពកំពូលមួយនេះ។ សហគមន៍អឺរ៉ុប បានប្រកាសពីគោលជំហរច្បាស់លាស់របស់ខ្លួន បន្តគាំទ្រដល់អង្គការសុខភាពពិភពលោក នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩។
កន្លងមក អឺរ៉ុបតែងតែធ្វើអ្វីគ្រាប់យ៉ាង គឺទៅតាមការណែនំារបស់អាមេរិក ប៉ុន្តែក្រោយពីមានរឿងអាស្រូវជាច្រើន ក្នុងនោះមានការពាក់ព័ន្ធនឹងការលួចស្តាប់ការសន្ទនារបស់មេដឹកនាំអឺរ៉ុប ការបង្ខិតបង្ខំអឺរ៉ុប ឲ្យធ្វើតាមអាមេរិក… ផ្ទុយពីអាមេរិកតែងតែគិតពីផលប្រយោជន៍របស់ខ្លួនឯង។ កន្លងមក អឺរ៉ុបក៏មិនដើរតាមអាមេរិក បោះបង់ក្រុមហ៊ុន Huawei នោះដែរ ដោយអឺរ៉ុបអនុញ្ញាតឲ្យហួវៃ បន្តរកស៊ីនៅអឺរ៉ុបដដែល ។
សារព័ត៌មាន TTXVN កាលពីថ្ងៃទី១៩ ខែឧសភា បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោកស្រី Virginie Battu-Henriksson បានបញ្ជាក់ពីគោលជំហរបស់អឺរ៉ុប យ៉ាងច្បាស់ថា «នេះជាពេលវេលាដែលយើងត្រូវសាមគ្គីគ្នា មិនមែនជាពេលវេលាគំរាមកំហែង បំបែកបំបាក់កិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងសត្រូវរួមនោះឡើយ»។
លោកស្រី Virginie Battu-Henriksson បានបញ្ជាក់ថា អឺរ៉ុបនៅតែបន្ដការគាំទ្រដល់ WHO យ៉ាងពេញទំហឹង ក្នុងការទប់ស្កាត់ និងកាត់បន្ថយការជះឥទ្ធិពល ដោយកូវីដ១៩ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបបានសម្រេចបង្កើនជំនួយបន្ថែមទៀតដល់អង្គការសុខភាពកំពូល (WHO) មួយនេះបន្ដទៀត៕ ប្រែសម្រួលដោយ៖ MEO