ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Mi-8 របស់កម្លាំងទាហានអាកាសប្រទេសនេះ បានធ្លាក់នៅជាយក្រុងមូស្គូ កាលពីថ្ងៃ ទី១៩ ខែឧសភា ខណ:កំពុងហោះហើរហ្វឹកហាត់។ គ្រោះថ្នាក់ខាងលើបានបណ្តាលឲ្យអ្នកនៅលើឧទ្ធម្ភាគចក្រទាំងអស់ស្លាប់។
សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីគ្រោះថ្នាក់ខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុណ្តាលឲ្យគ្រោះថ្នាក់នោះឡើយ។ ជាមួយគ្នានេះដែរ គេមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់នៅលើឧទ្ធម្ភាគចក្រ ត្រូវបាត់បង់ជីវិតនោះឡើយ។
បើតាមប្រភពព័ត៌មាននានា ក្នុងប្រទេសរុស្ស៊ី ដែលបានដកស្រង់ព័ត៌មានពីក្រសួងគ្រប់គ្រងគ្រោះអាសន្ន បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ។
ឧទ្ធម្ភាគចក្រ មិនបានដឹកគ្រាប់រំសេវទៅជាមួយនោះឡើយ ហើយវាបានធ្លាក់ នៅវេលាម៉ោង២០ ថ្ងៃទី១៩ ខែឧសភា (ម៉ោងក្នុងតំបន់)។ គ្រោះថ្នាក់នេះបានកើតឡើង នៅតំបន់ដាច់ស្រយាល មានចម្ងាយពីស្រុក Klin ជាជាយក្រុងមូស្គូ ប្រហែល២០គីឡូម៉ែត្រ។ បើតាមការសន្និដ្ឋានជាបឋម មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ គឺអាចដោយសារបញ្ហាបច្ចេកទេស។ ប្រែសម្រួលដោយ៖ MEO