នាយករដ្ឋមន្ត្រីរុស្ស៊ី បានសម្រាកពីការងារ ដើម្បីព្យាបាលកូវីដ១៩ អស់រយៈពេលជាង១ខែកន្លះកន្លងមកក៏បានជាសះស្បើយ ហើយពេលនេះ លោកបានវិលត្រឡប់ទៅធ្វើការដូចដើមវិញ។ នេះជាព័ត៌មានដ៏ល្អបំផុត សម្រាប់រុស្ស៊ី បើទោះជានៅប្រទេសរុស្ស៊ីមានអ្នកឆ្លងច្រើនបំផុតលំដាប់ទីពីរ នៅលើពិភពលោកក្តី។
កាលពីថ្ងៃទី១៩ខែឧសភា វិមានក្រឹមឡាំងរុស្ស៊ី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី បានជាសះស្បើយ ហើយត្រឡប់ទៅធ្វើការដូចដើមវិញ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានចេញបញ្ជាផ្តល់សិទ្ធិកាន់អំណាចនាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលជាបន្តទៀត។ ជាមួយគ្នានេះ លោក ពូទីន ក៏បានបញ្ចប់តំណែងនាយកមន្ត្រីបណ្តោះអាសន្នរបស់លោក Andrey Belousov ដែលកាន់តំណែងជំនួស ចាប់តាំងពីថ្ងៃទី៣០ ខែមេសា រហូតមកទល់នឹងពេលនេះ។
កាលពីថ្ងៃទី៣០ខែមេសា នាយករដ្ឋមន្ត្រី Mikhail Mishustin បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ហើយត្រូវសម្រាកព្យាបាល នៅក្នុងផ្ទះ។ នៅពេលនោះ ប្រធានាធិបតីពូទីនក៏បានតែងតាំងឧបនាយករដ្ឋមន្ត្រី Andrey Belousov ដឹកនាំរដ្ឋាភិបាលជំនួសវិញ។
លោក Vladimir Belyakov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានព្យាបាលតាមការណែនាំរបស់គ្រូពេទ្យ។ បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីជាច្រើនរូប បានឆ្លងកូវីដ១៩ រួមមាន អ្នកនាំពាក្យប្រធានាធិបតី លោក Dmitry Peskov, រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Olga Lyubimova, រដ្ឋមន្ត្រីសំណង់ លោក Vladimir Yakushev , ប្រធានការិយាល័យប្រធានាធិបតី និងតំណាងរាស្ត្រ ៦រូបផងដែរ៕ ប្រែសម្រួលដោយ MEO