កណ្តាល៖ បងប្អូនបង្កើតពីរនាក់ខំទៅជួយរាវខ្ចៅម្ដាយ ស្រាប់តែលង់ទឹកស្លាប់ទាំង ០២នាក់ យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរកែ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះទាំង ០២នាក់ មានឈ្មោះ ភា ដូណា ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ និងម្នាក់ទៀតឈ្មោះ ឈ្មោះ ភា តុលា ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះទាំងពីរនាក់បងប្អូនបានទៅរកខ្ចៅជាមួយម្តាយនៅចំណុចអូរកែ ពេលទៅដល់ម្ដាយជនរងគ្រោះបានចុះក្នុងទឹករាវរកខ្ចៅហើយ ជនរងគ្រោះទាំងពីរនាក់ចុះក្នុងទឹកជួយរាវខ្ចៅជាមួយម្តាយដែរ ដោយឃ្លាតពីគ្នាចម្ងាយ ០៥ម៉ែត្រ លុះរាវបានមួយសន្ទុះក្រោយមកម្ដាយជនរងគ្រោះបានមករកមើលកូនគាត់ទាំងពីរតែមិនឃើញ គាត់សង្ស័យប្រហែលកូនខ្លួនលង់ទឹក ទើបហៅបងប្អូន និងក្រុមគ្រួសារជួយរាវរកជនរងគ្រោះដល់វេលាម៉ោង ១៧និង០០នាទី ថ្ងៃដដែល ទើបរាវរកឃើញជនរងគ្រោះទាំងពីរនាក់នៅក្នុងទឹកអូរ ចម្ងាយ ០៦ម៉ែត្រ ពីច្រាំង និងមានជម្រៅ ០៣ម៉ែត្រ ហើយស្រង់ជនរងគ្រោះទាំងពីរនាក់យកមកដាក់លើដីជួយធ្វើចលនា តែជនរងគ្រោះទាំងពីរនាក់បានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារដឹកសាកសពជនរងគ្រោះត្រឡប់មកផ្ទះ រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ឯក មែន សុខឃឿន បានបញ្ជារឲ្យកម្លាំងប៉ុស្តិ៍ សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយម៉ត់ចត់ ដោយសាកសពមានសភាពប៉ោងពោះហូរទឹកចេញតាមមាត់ និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។
សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ផេង
ភាព