កណ្តាល៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះមានករណីស្ត្រីម្នាក់បានដួលស្លាប់ដោយសង្ស័យថា ខ្យល់គនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ខៀវ យ៉ាន ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះជាមនុស្សសរសៃប្រសាទ គិតច្រើន ញៀនស្រាតែងតែផឹកជាប្រចាំ មិនសូវហូបបាយ ជនរងគ្រោះធ្លាប់បានពិនិត្យជំងឺនៅមន្ទីរពេទ្យជ័យជំនះ ដោយមានមេរោគក្រពះ។ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ជនរងគ្រោះបានដើរចេញពីផ្ទះហូបស្រាក្នុងភូមិ ក៏មិនឃើញដើរមកវិញ មិនដឹងទៅណា ក៏មានប្រជាពលរដ្ឋជិះកាត់ឃើញជនរងគ្រោះដេកដួលមិនមាត់មិន.ក ក៏បានហៅអ្នកភូមិឲ្យមកជួយមើល ហើយបងប្អូន និងកូនជនរងគ្រោះមកដល់ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
លោកអធិការបានបន្តទៀតថា បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថា សាកសពក្បាល ដងខ្លួន និងអវះយវះមានសភាពរឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះ ស្លាប់ដោយខ្យល់គ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ផេង ភាព