នគរល្វោ ឬខ្លះហៅថាស្រីល្វោគឺជាអតីតដែនដីមួយបំបែកចេញពីអាណាចក្រទ្វារវតី ហើយបច្ចុប្បន្នស្ថិតនៅក្នុងខេត្តលពបុរីលើភាគខាងឆ្វេងនៃដងទន្លេចៅប្រាយ៉ាភាគខាងជើងនៃប្រទេសថៃបច្ចុប្បន្ន។
នៅប្រមាណសតវត្សទី៧ នៅពេលដែលព្រះបាទឥសានវម៌ទី១ នៃអាណាចក្រចេនឡា (នគរខ្មែរមុនសម័យអង្គរ) ពង្រីកទឹកដី និងឥទ្ធិពលទៅតាមជួរដងទន្លេចៅប្រាយ៉ា នគរល្វោគឺជាមជ្ឈមណ្ឌលអំណាចកណ្ដាលនៃចក្រភពខ្មែរគ្រប់គ្រងទៅលើអាណាចក្រទ្វារវតី។
ប៉ុន្តែនៅពេលដែលចេនឡាចុះខ្សោយ អាណាចក្រទ្វារវតី រួមទាំងនគរល្វោផងនោះបានរើបម្រាស់ពីចំណុះរបស់ចក្រភពខ្មែរ មកជារដ្ឋឯករាជ្យវិញ។ រហូតដល់ប្រមាណសតវត្សទី១០ ស្រីធម្មរាជាដែលស្ថិតនៅលើជ្រោយម៉ាឡេ និងជាអតីតរដ្ឋចំណុះមួយរបស់ចក្រភពខ្មែរនោះបានវាតទីគ្រប់គ្រងលើនគរល្វោ ហើយបានតែងតាំងព្រះអង្គម្ចាស់សាសន៍ម៉ាឡេ ខ្លះថាជ្វាម្នាក់ឲ្យនៅគ្រប់គ្រងក្នុងនគរនោះ។
ស្ដេចម៉ាឡេរូបនោះបានចាប់ប្រតិព័ទ្ធនឹងព្រះនាងសាសន៍ខ្មែរមួយអង្គដែលបានរត់ភៀសខ្លួនទៅពីអង្គរក្នុងគ្រាដែលចក្រភពអង្គរមានការបង្ហូរឈាមគ្នា។ ស្ដេចម៉ាឡេ និងព្រះនាងខ្មែរមានព្រះរាជបុត្ររួមគ្នាមួយដែលក្រោយមកបានបង្រួមបង្រួមទឹកដីនៅអាណាចក្រខ្មែរ ហើយបានឡើងសោយរាជ្យនៅក្នុងរាជធានីអង្គរដោយមានព្រះនាមថាសូរ្យវរ្ម័នទី១។ នៅក្នុងរាជ្យសូរ្យវរ្ម័នទី១ នេះ នគរល្វោនិងអាណាចក្រទ្វារវតីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គរម្ដងទៀត៕
ខាងក្រោមគឺជាប្រាសាទស្ថិតនៅក្នុងខេត្តលពបុរីនៃនគរល្វោ ដែលទទួលឥទ្ធិពលពីស្ថាបត្យកម្មខ្មែរសម័យអង្គរ៖