គ្រូបង្រៀនគ្មានក្របខ័ណ្ឌម្នាក់ អាយុ៣៩ឆ្នាំ បានរងការចោទប្រកាន់អំពើការចាប់រំលោភសេពសន្ថវ:ទៅលើសិស្សស្រីម្នាក់ អាយុ១២ឆ្នាំ តែត្រូវបានជនសង័្សយបដិសេធ ហើយឆ្លើយថា រូបគេគ្រាន់តែឱប នាងថើបតែប៉ុណ្ណោះ។
បើតាមប៉ូលិស បានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនគ្រូបង្រៀនគ្មានក្របខ័ណ្ឌម្នាក់ កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងស្រុក Ban Dan ខេត្ត Buri Ram ។ រីឯការចាប់ខ្លួននេះ បានធ្វើឡើង ក្រោមការចោទប្រកាន់ពីបទអាសគ្រាមទៅលើសិស្សស្រីម្នាក់ អាយុ១២ឆ្នាំ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ការចាប់ខ្លួននេះ បានធ្វើឡើង តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ដោយបានចោទប្រកាន់ថា គ្រូបង្រៀនខាងលើនេះ បានល្បួងលួងលោមកូនស្រីរបស់គាត់ រៀនថ្នាក់ទី៦ ឲ្យទៅសាលារៀន ជាកន្លែងដែលជនសង័្សយ ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទទៅលើកូនស្រីរបស់គាត់។
ប៉ូលិស បានបន្ដថា ម្ដាយក្មេងស្រីរងគ្រោះបានឲ្យប៉ូលិសថតចម្លងពីសារទាក់ទងគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក រវាងជនសង័្សយ និងកូនស្រីរបស់គាត់។ រីឯជនសង័្សយបានឆ្លើយប្រាប់ប៉ូលិស នៅក្នុងអំឡុងពេលសួរចម្លើយនោះថា គេ(ជនសង័្សយ) គ្រាន់តែបានឱបថើបក្មេងស្រីរងគ្រោះតែប៉ុណ្ណោះ។ ប៉ុន្ដែរូបគេមិនបានរួមភេទជាមួយនឹងនាងនោះឡើយ។
ទោះជាជនសង័្សយបានបដិសេធការប្រព្រឹត្ដដូចការចោទប្រកាន់ពីម្ដាយរបស់ក្មេងស្រីរងគ្រោះយ៉ាងណាក៏ដោយ តែប៉ូលិសនឹងនៅតែបន្ដស៊ើបអង្កេត ដើម្បីស្វែងរកការពិតបន្ថែមទៀត មុននឹងចាត់ការតាមច្បាប់៕ ប្រែសម្រួលដោយ Nuon