ឥណ្ឌា និងបង់ក្លាដែស បានចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋជាង២លាននាក់ ចេញពីខ្យល់ព្យុះ Amphan ដែលវាយប្រហារ នៅតំបន់ឈូងសមុទ្រ នៃប្រទេសទាំងពីរ ។
ភ្នាក់ងារអាកាសធាតុឥណ្ឌា បញ្ជាក់ថា ខ្យល់ព្យុះស៊ីក្លននេះ ល្បឿនធ្វើដំណើររបស់វា ប្រហែល២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងវាយប្រហារចូល ដល់តំបន់ឈូងសមុទ្រ Bengal កាលពីព្រលប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ នៅថ្ងៃពុធទី ២០ ខែឧសភា ខ្យល់ព្យុះនេះ នឹងមកដល់ដីគោកប្រទេសឥណ្ឌា ។
ប្រភពបន្តថា នៅពេលវាបក់បោកមកដល់ដែនគោកឥណ្ឌា រដ្ឋភាគខាងកើត និងនៅភាគខាងត្បូង និងភាគនិរតីឈូងសមុទ្ររបស់ប្រទេសបង់ក្លាដែសនោះ ឥទ្ធិពលរបស់ស៊ីក្លន Amphan នេះ បានថមថយកម្លាំងចុះនោះទេ ប្រហែល២០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
ខ្យល់ព្យុះនេះត្រូវបានចាត់ទុកថាជាខ្យល់ព្យុះកម្លាំងខ្លាំងបំផុតបក់បោកចូលឈូងសមុទ្រឥណ្ឌាក្នុងអំឡុងឆ្នាំថ្មីៗនេះ ។ ឥណ្ឌាបានជម្លៀសខ្លួនប្រជាជនជាង ២០០ ០០០ នាក់ទៅរកជម្រកមានសុវត្ថិភាព ។
នៅប្រទេសបង់ក្លាដែសវិញ មានការព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះមួយនេះ ហើយអាចក្លាយជាខ្យល់ព្យុះដ៏មហន្តរាយបំផុតចាប់តាំងពីខ្យល់ព្យុះ Sidr ដែលវាយប្រហារបង់ក្លាដែស ក្នុងខែវិច្ឆិកា ឆ្នាំ២០០៧ សម្លាប់មនុស្សជាង ៣ ០០០ នាក់ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែសអះអាងថា ពលរដ្ឋរស់នៅតាមវាលទំនាបប្រហែល២លាននាក់ ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព ហើយថា ជំរំសុវត្ថិភាពបណ្តោះអាសន្នសម្រាប់មនុស្សជាង៥លាននាក់ ជាតម្រូវការសរុបសម្រាប់អ្នកភៀសខ្លួន ។ សាលារៀនជាង៧ពាន់កន្លែងត្រូវបានប្រើប្រាស់ និងតង់បណ្តោះអាសន្នប្រហែល ១២ ០៧៨កន្លែង ត្រូវបានបង្កើតឡើងសម្រាប់ជនជម្លៀសខ្លួនទាំងនោះ ៕ ប្រែសម្រួលដោយ៖ thach yat