ថ្ងៃនេះ Anarchak សូមលើកបង្ហាញពីចំណុចពិសេសៗរបស់អគារខ្ពស់ជាងគេបង្អស់លើពិភពលោកនាពេលបច្ចុប្បន្ននេះ។
បឺច ខឺលីហ្វារ (Burj Khalifa) ជាអគារដែលខ្ពស់ជាងគេបង្អស់ក្នុងលោកនាពេលបច្ចុប្បន្ន ដោយមានកម្ពស់ដល់ទៅ ៨២៨ ម៉ែត្រ ដែលខ្ពស់ជាង ប៉ម អេហ្វែល (Eiffel Tower) ដ៏ល្បីល្បាញរបស់បារាំងដល់ទៅ ៣ដង។បើអគារនេះត្រូវបានគេដាក់ឱ្យ ផ្ដេកស្របនឹងផ្អៃដី វាមានប្រវែងវែងជាងស្ពានជ្រោយចង្វារថ្មីទៅទៀត (ប្រវែង ៧១៩ម៉ែត្រ)។
អគារដែលឋិតនៅទីក្រុង ឌុយបៃ នៃអារ៉ាប់រួមមួយនេះ ត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ ២០០៤ បញ្ចប់នៅឆ្នាំ ២០0៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០១០។
ជាមួយកម្ពស់ដ៏សន្លឹមនេះ អគារនេះបានក្ដោបក្ដាប់នូវកំណត់ត្រាជាច្រើនដូចជា អគារដែលមានច្រើនជាន់ជាងគេ (និងមានមនុស្សរស់នៅ) និងអគារដែលមានជណ្ដើរយន្ដប្រអប់ដែលធ្វើដំណើរខ្ពស់ជាងគេលើលោក (140ជាន់) និងមានល្បឿនដល់ទៅ ៦៤គីឡូម៉ែត្រក្នុង១ម៉ោង។
ទម្រាំអាចបញ្ចប់គម្រោងសាងសង់អគារនេះ ទឹកប្រាក់ចំនួន ១ពាន់ ៥រយលានដុល្លារអាមេរិក ត្រូវបានចំណាយ ហើយក្នុងមួយថ្ងៃគេត្រូវការកម្មករចំនួនយ៉ាងហោចណាស់ក៏ ១២,០០០ នាក់ដែរ។
ជារៀងរាល់ថ្ងៃ អគារនេះត្រូវបានផ្គត់ផ្គង់ដោយ ទឹកប្រមាណ ៩៤៦, ៣៥២លីត្រ ហើយអំពូលកម្លាំង ១០០វ៉ាត់ ចំនួន ៣៦០,០០០គ្រាប់ត្រូវបានបើកបំភ្លឺក្នុងពេលតែមួយ។
ដោយសារតែវាខ្ពស់ខ្លាំង យើងអាចមើលឃើញកំពូលអគារនេះបានបើទោះជាយើងឈរឆ្ងាយពីវាដល់ទៅ ៩៥គីឡូម៉ែត្រក៏ដោយ។ ដូចនេះបើគេសង់អគារនេះនៅ ភ្នំពេញ ប្រជារាស្រ្ដនៅខេត្តតាកែវ (៧៧ គីឡូម៉ែត្រពីភ្នំពេញ) ក៏អាចមើលឃើញកំពូលអគារនេះបានដែរ៕