ភ្នំពេញ៖ ផ្ទុះបាតុកម្មតវ៉ា ក្រោយរោងចក្រ International Fashion Royal នៅម្ដុំសួនកាណាឌីយ៉ា មិនបើកប្រាក់ខែជូនកម្មករ។ ហេតុការណ៍ខាងលើកើតឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយស្ថិតនៅក្នុងសួនការណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមភ្នាក់ងារ Tnaot App ចុះទៅយកព័ត៌មានដល់ទីកន្លែងផ្ទាល់ បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យផ្ទុះការតវ៉ានេះ គឺកើតចេញពីភាគីខាងរោងចក្របានបិទរោងចក្រដោយមិនផ្ដល់ដំណឹងជាមុន និងមិនបានបើកប្រាក់ឱ្យពួកគាត់ចំនួន ២ខែមកហើយ ខណៈកម្មករដែលបម្រើការងារនៅក្នុងរោងចក្រមានចំនួន ៩៣៤នាក់។
កម្មករមួយចំនួនបានប្រាប់ភ្នាក់ងារ Tnaot App ថា ការបង្ខំធ្វើបាតុកម្មនេះ ពួកគាត់គ្រាន់តែសុំយកម៉ាស៊ីនរបស់រោងចក្រយកទៅលក់ចែកលុយគ្នា ដើម្បីយកទៅបង់ថ្លៃផ្ទះជួលប៉ុណ្ណោះ ព្រោះ ២ខែកន្លងមកនេះ ពួកគាត់គ្មានការងារធ្វើនោះទេ ដោយសារខាងរោងចក្រសន្យាថា ឱ្យចូលធ្វើការងារដូចដើមវិញ ក្រោយឱ្យកម្មករស៊ី ៥០ភាគរយចំនួន ២ខែ ប៉ុន្តែចុងក្រោយថៅកែបែបិទរោងចក្រដោយមិនផ្ដល់ដំណឹងសូម្បីតែមួយម៉ាត់ និងមិនបានបង់ថ្លៃអត្ថប្រយោជន៍ជូនពួកគាត់ថែមទៀត។
ចំពោះកម្មករលើកគ្នាមកទាមទាយកម៉ាស៊ីនទៅលក់ចែកលុយគ្នានេះ ត្រូវបានភាគីខាងសួនការណាឌីយ៉ា ដែលជាម្ចាស់ទីតាំង បិទផ្លូវមិនឱ្យក្រុមបាតុករយកម៉ាស៊ីនចេញឡើយ ដោយកម្មករបានបញ្ជាក់ថា សួនការណាឌីយ៉ាចង់ទុកម៉ាស៊ីនលក់ ដើម្បីទូទាត់ថ្លៃឈ្នួល ដែលថៅកែរោងចក្រមិនទាន់បានបង់ឱ្យ។
កម្មករបានធ្វើការត្អូញត្អែរជាខ្លាំង ដោយទទូចឱ្យខាងសួនកាណាឌីយ៉ា អនុញ្ញាតឱ្យពួកគាត់យកម៉ាស៊ីនទៅលក់ចែកលុយគ្នា ដើម្បីយកទៅដោះស្រាយបង់ថ្លៃឈ្នួលផ្ទះ ដោយក្រុមកម្មករបានបញ្ជាក់ថា ប្រសិនបើពួកគាត់គ្មានលុយបង់ថ្លៃផ្ទះជួលក្នុងរយៈ ២ថ្ងៃទៀត ម្ចាស់ផ្ទះនឹងឱ្យពួកគាត់រើសចេញហើយ។ ក្រុមកម្មករបញ្ជាក់បន្ថែមថា កុំថាឡើយគ្មានលុយបង់ថ្លៃផ្ទះ គ្រាន់តែសុំចុះ ៥ដុល្លារក៏ម្ចាស់ផ្ទះមិនចុះឱ្យដែរ៕ ដោយ៖ តារា