កងទ័ពជាង ២៥០ នាក់មកពីប្រទេសឥណ្ឌា និងចិនបានប្រយុទ្ធគ្នាមួយប្រ៉ាវកាលពីថ្ងៃទី ៥ ខែឧសភា នៅតំបន់ Ladakh អំឡុងពេលកងទ័ពទាំងនោះដើរល្បាតតាមបន្ទាត់ព្រំដែន ។
ចាប់តាំងពីពេលនោះមក ភាគីទាំងសងខាង ឥណ្ឌា-ចិន បានចាប់ផ្តើមដាក់ពង្រាយកងទ័ពបន្ថែម ក្នុងលក្ខណៈឈ្លានពានដណ្តើមទាមទារគ្រប់គ្រងជ្រលងស្ថិតនៅតាមដងទន្លេមួយនោះ ដែលជាចំណុចក្តៅបំផុតចាប់តាំងពីឆ្នាំ១៩៦២រៀងរហូតមក ។
តាមការចេញផ្សាយរបស់ប្រភព sputniks បានផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌាបានបញ្ជូនកងទ័ពបន្ថែមយ៉ាងតក់ក្រហល់ទៅកាន់តំបន់ជ្រលងភ្នំ Galwan បន្ទាប់ពីប្រទេសចិនបានអះអាងថា តំបន់មួយនេះជាតំបន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ហើយបានដាក់ពង្រាយកងទ័ពរាប់រយនាក់ ក៏ដូចជាការបោះតង់ជាច្រើនកន្លែងសម្រាប់កងទ័ពផងដែរ ។
ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ, ប្រភពព័ត៌មាន The Economic Times បានផ្សាយថា ទាហានឥណ្ឌាបាននិងកំពុងបញ្ជូនពីតំបន់ផ្សេងៗ ឲ្យទៅកាន់តំបន់ជ្រលងភ្នំ Galwan ផងដែរ ។ ប្រភពបានអះអាងថា “បញ្ហារាតត្បាតពីវីរុស COVID-19 ត្រូវរក្សាទុកនៅមួយដោយឡែកសិន ខណៈដែលកាលៈទេសៈស្ថានការណ៍តាមព្រំដែន បាននិងកំពុងតានតឹងខ្លាំង” ។
កងទ័ពរំដោះប្រជាជនចិនបានអះអាងថា ខ្លួនបានស្ដារឡើងវិញ ដោយជោគជ័យស្ថានភាពបច្ចុប្បន្ន នៅតំបន់ជ្រលងភ្នំ Galwan ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន Global Times គ្រប់គ្រងដោយរដ្ឋចិន បានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពបានបន្តថា កងទ័ពការពារព្រំដែនចិន “បានពង្រឹងវិធានការត្រួតពិនិត្យនៅតំបន់ព្រំដែន និងចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងការសាងសង់សំណង់ការពារខុសច្បាប់របស់ឥណ្ឌានាពេលថ្មីៗនេះ ឆ្លងកាត់ព្រំដែនចូលទឹកដីចិន ក្នុងតំបន់ជ្រលងភ្នំ Galwan” ។
ទោះយ៉ាងណាឥណ្ឌា បានចាត់ទុកជ្រលងភ្នំ Galwan ជាផ្នែកមួយនៃដែនដីតំបន់ Aksai Chin ហើយដែលទីក្រុង ញូវដេលី បានអះអាងថា ជាទឹកដីរបស់ខ្លួន ។ ប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសឥណ្ឌាបានចេញផ្សាយផែនទីនយោបាយមួយ មានព័ត៌មានលំអិតអំពីព្រំដែនដែលបង្ហាញពីតំបន់ Aksai Chin ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសចិននោះថា ជាដែនដីផ្នែកមួយក្នុងតំបន់ Ladakh របស់ឥណ្ឌា ។ ក្រសួងការពារជាតិចិនបានជំទាស់តវ៉ាយ៉ាងខ្លាំងការពោលអះអាងរបស់ឥណ្ឌាបែបនេះ ៕ ប្រែសម្រួលដោយ៖ thach yat