ភ្នំពេញ៖ តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ខណៈតំបន់មួយចំនួនអាចនឹងឡើងកម្ដៅរហូតដល់ ៣៩អង្សាសេ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដោយបានឱ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុដែលបណ្ដាលមកពីជ្រលងសម្ពាធទាប គួរផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្ដប់ និងបក់លើកម្ពុជា ធ្វើឱ្យបណ្ដាលតំបន់មួយចំនួននៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ហើយផ្នែកខ្លះក៏អាចមានភ្លៀងធ្លាក់ច្រើនផងដែរ។ ខណៈសីតុណ្ហភាពមានចន្លោះពី ២៤ ទៅដល់ ៣៩អង្សាសេ។
អាស្រ័យស្ថានភាពធាតុអាកាសដូចជម្រាបខាងលើ ក្រសួងក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅជាប់តំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២១-២៦ ខែឧសភា៕ ដោយ៖ តារា