Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការបារាំង ចេញបញ្ជាឲ្យរដ្ឋាភិបាល លុបចោលបំរាមលើការជួបជុំគោរពបូជាសាសនា​

ប្រភពព័ត៌មានប៊ីប៊ីស៊ី បានផ្សាយ​នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា តុលាការរដ្ឋបាលរបស់ប្រទេសបារាំងបានសម្រេចថា រដ្ឋាភិបាលត្រូវតែលុបចោលបម្រាមលើការជួបជុំ នៅកន្លែងគោរពបូជាសាសនា ក្នុងរយៈពេលប្រាំបីថ្ងៃទៀត ។

ការហាមឃាត់របស់រដ្ឋាភិបាលដែលបានដាក់ចេញនាគ្រាកន្លងមកនោះ គឺជាផ្នែកមួយ នៃវិធានការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណាវីរុស ឬកូវីដ​១៩ (COVID-19) ។

ក្រុមប្រឹក្សា​រដ្ឋ​បានចាត់ទុកថា ការដាក់បម្រាមជួបជុំគោរពបូជាសាសនា​របស់រដ្ឋាភិបាលនោះ មានលក្ខណៈមិនស្មើគ្នា និងបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ និងខុសច្បាប់ថែមទៀតផង ។

នៅក្នុងប្រទេសបារាំង រហូតមកដល់ពេលនេះ មនុស្សជាង ២៨ ០០០ នាក់បានស្លាប់ ដោយសារជំងឺកូវីដ​១៩ ។

គួរបញ្ជាក់ថា ការប្រមូលផ្តុំ នៅកន្លែងគោរពបូជាតាមបែបសាសនា ​នៅក្នុងប្រទេសបារាំង ត្រូវបានហាមឃាត់ លើកលែងតែពិធីបុណ្យសពប៉ុណ្ណោះ ដែលបានកំណត់ឲ្យមនុស្សចូលរួម ឬជួបជុំគ្នាត្រឹមតែ២០នាក់ ។

ទោះយ៉ាងណា ចៅក្រមតុលាការរដ្ឋបាលបារាំង បានថ្លែងថា នៅពេលមានការជួបជុំឯកជន រហូតដល់១០នាក់ត្រូវបានអនុញ្ញាតនោះ ការហាមឃាត់របស់រដ្ឋាភិបាលលើការជួបជុំគោរពបូជាសាសនានោះ ​គឺ “គឺមិនសមាមាត្រទៅនឹងគោលបំណង នៃការថែរក្សាសុខភាពសាធារណៈ ”​នោះឡើយ ។

លោក Bruno Retailleau មេដឹកនាំគណបក្សស្តាំនិយម បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា សេចក្តីសម្រេចរបស់តុលាការរដ្ឋបាលនេះ គឺជា “ដំណឹងល្អសម្រាប់សេរីភាពខាងសាសនា” ។

បច្ចុប្បន្ន ប្រទេសបារាំងកំពុងស្ថិតនៅចំណុចកណ្តាល នៃការបន្ធូរបន្ថយច្បាប់ចាក់សោ ឬបិទប្រទេស ខណៈដែលកំពុងព្យាយាមធានាថា ប្រទេសនេះមិនមានករណីរលកទីពីរ ឆ្លងរាតត្បាតពីវីរុស​កូវីដ​១៩នោះឡើយ ។ មេដឹកនាំសាសនាទាំងអស់​ត្រូវបានគេណែនាំមិនឱ្យរៀបចំពិធីជួបជុំ​ ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ។

ប្រទេសបារាំងមានករណីកូវីដ​១៩ នៅក្នុងខែកុម្ភៈ ដែលមានប្រភពដើមពីក្នុងព្រះវិហារសាសនា ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅព្រះវិហារ ក្នុងទីក្រុង Mulhouse ដើម្បីប្រារព្ធពិធីសាសនា រយៈពេលមួយសប្តាហ៍ ។ ប្រភពរ៉យទ័រ​បានផ្សាយ​ថា មនុស្សប្រហែល​២៥០០​ នាក់ជុំវិញពិភពលោក មានជាប់ពាក់ព័ន្ធការឆ្លងវីរុស​កូវីដ​១៩ ចេញពីព្រះវិហារ Mulhouse នោះ ។ 

ការជួបជុំ​តាមបែបសាសនា ​នៅព្រះវិហារ​មួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានបណ្តាលឲ្យ​មានការឆ្លងរាតត្បាតពីវីរុស​នេះ​ប្រហែលជាង​៥ពាន់ករណីផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9229336