Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៨០ភាគរយ នៃបទល្មើសចរាចរណ៍ផ្លូវគោក ជាករណីមិនពាក់មួកសុវត្ថិភាព

សមត្ថកិច្ចនៅតែព្រួយបារម្ភ ពាក់ព័ន្ធនឹងអ្នកល្មើសច្បាប់ចរាចរណ៍ ដែលមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរ ខណៈលទ្ធផលនៃការត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅរយៈពេល១១ថ្ងៃនេះ បានរកឃើញអ្នកល្មើស មិនពាក់មួកសុវត្ថិភាព មានការកើនឡើងរហូតដល់ទៅ៨០% ក្នុងចំណោមអ្នកប្រព្រឹត្តខុស ដែលបង្កឡើងដោយម៉ូតូចំនួន១៤២៧១។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានចាត់ទុកថា ករណីមិនពាក់មួកសុវត្ថិភាព គឺជាបទល្មើសដែលកើតឡើងច្រើនជាងគេ រហូតដល់ទៅ៨០% បើធៀបទៅនិងការល្មើស ដោយអត់ស្លាកលេខ១០% មិនគោរពភ្លើងសញ្ញាគំនូសសញ្ញា និងផ្លាកសញ្ញា ដែលមានត្រឹមតែ៨%ប៉ុណ្ណោះ។ 

លោកនាយឧត្តមសេនីយហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា ជាវិធានការ ត្រូវតែបន្តការរឹតបណ្តឹងត្រួតពិនិត្យទាំងថ្ងៃយប់ ដោយមិនមានការឈប់ឈរ ដើម្បីធ្វើឱ្យអ្នកដំណើរគោរពច្បាប់ពាក់មួកទាំងអស់គ្នា។

លោកនាយឧត្តមសេនីយបានបញ្ជាក់ថា៖«ការដំឡើងប្រាក់ផាកពិន័យគុណនឹង៥ដង ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច ហើយចូលរួមគោរពច្បាប់ទាំងអស់គ្នា មកដល់ពេលនេះ ការគោរពច្បាប់ចរាចរណ៍កាន់តែមានភាពប្រសើរឡើងថែមទៀត»។

បើតាមយុវតីយ៉ង ស្សាវរីយ៍ រស់នៅសង្កាត់បឹងកេងកេង៣ ខណ្ឌចំការមនបានឱ្យដឹងថា វាប្រាកដណាស់ មួកពិតជាអាចការពារអាយុជីវិត ប៉ុន្តែការពិន័យអ្នកមិនពាក់មួក វាហាក់ដូចជាតម្លៃច្រើនពេកហើយ។ ដូច្នេះគួរតែមានការបញ្ចុះតម្លៃ ចំពោះការផាកពិន័យនេះទើបល្អ។

យុវតីបញ្ជាក់ថា៖«មួកអាចការពារអាយុជីវិត នៅពេលកើតមានគ្រោះថ្នាក់ចរាចរាណ៍ តាមដងផ្លូវ ដូច្នេះច្បាប់បានរឹតបណ្តឹងទៅលើការពាក់មួក គឺជារឿងត្រឹមត្រូវ ប៉ុន្តែគួរកែសម្រួលលើថ្លៃផាកពិន័យ»។

ការរឹតបណ្តឹងច្បាប់ចរាចរណ៍ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាមិនពាក់មួកសុវត្ថិភាព បានធ្វើឱ្យអ្នកល្មើសច្បាប់ មួយចំនួនយល់ថា វាពិតជាមានភាពយុត្តិធ៌មសម្រាប់ពួកគេ នៅពេលដែលមិនបានពាក់មួកធ្វើដំណើរ ហើយត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ។

បើតាមយុវតី វឿន គឹមរ៉ុង អាយុ២១ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានឱ្យដឹងថា យុវតីបានដឹងពីការរឹត      បណ្តឹងច្បាប់ចរាចរណ៍ ប៉ុន្តែគឹម រ៉ុងមិនដឹងថា គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នេះ នឹងត្រូវធ្វើនៅកន្លែងណាខ្លះនោះទេ។

គឹម រ៉ុង និយាយទាំងទឹកមុខក្រៀមក្រំថា៖« ខ្ញុំអត់ពាក់មួក ប៉ូលីសផាកខ្ញុំអស់៦ម៉ឺនរៀល»។

បើយោងតាមរបាយការណ៍ ការិយាល័យទទួលបន្ទុកចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ករណីល្មើសច្បាប់ចរាចរណ៍មានចំនួន១៩ ០០៤ករណី ក្នុងនោះល្មើសដោយម៉ូតូមានចំនួន១៤ ២៧១ ករណី ស្មើនឹង៧៥% រីឯល្មើសច្បាប់ដោយថយន្ដ ឬយានយន្ដគ្រប់ប្រភេទមានចំនួន៤ ៧៣៣ករណី ស្មើនឹង២៥%។

សូមបញ្ជាក់ដែរថា ចំពោះរថយន្ត ដែលមានបទល្មើសច្រើនជាងគេ គឺការមិនពាក់ខ្សែក្រវ៉ាត់ គឺមានរហូតដល់៤៨ភាគរយ និងល្បឿនមាន២៦ភាគរយ ល្មើសសញ្ញាចរាចរណ៍មាន៦ភាគរយ ដឹកលើសចំណុះ៦ភាគរយ ទូរស័ព្ទក្នុងពេលបើកបរមានចំនួន ៦ភាគរយ។ ដោយឡែកករណីគ្មានប័ណ្ណបើកបរមានចំនួន៤ភាគរយអត់ស្លាកលេខ និងប្រើប្រាស់គ្រឿងស្រវឹងមានចំនួន៣ភាគរយ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9227189