យោងតាមសារព័ត៌មាន The star បានចុះផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ថា អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Cambridge បានរកឃើញថា មានភស្ដុតាងយ៉ាងពិតប្រាកដ បានបង្ហាញថា វីរុស SARS-Cov-2 ឬកូរ៉ូណាវីរុសប្រភេទថ្មី ដែលហៅកាត់ កូវីដ១៩ មិនមានដើមកំណើត នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន នោះទេ។
បើតាមការចុះផ្សាយ នៅក្នុងព្រឹត្ដិបត្រ Journal Proceedings of the National Academy of Sciences of the USA កាលពីពេលថ្មីៗនេះ លោក Peter Forster និងមិត្ដភក្ដិ បានបង្ហាញនៅក្នុងការស្រាវជ្រាវបុរាណវិទ្យា នៅឯសាកលវិទ្យាល័យ Cambridge បានថ្លែងថា គាត់បានរកឃើញបណ្ដាញមេរោគសំខាន់ៗ ចំនួន៣ប្រភេទ រួមមាន A, B និង C ។ ប្រភេទ A និង C ត្រូវបានរកឃើញ នៅក្នុងសមាមាត្រសំខាន់ៗ នៅអឺរ៉ុប និងអាមេរិក។ ផ្ទុយទៅវិញ ប្រភេទ B ជាប្រភេទសាមញ្ញបំផុត នៅក្នុងអាស៊ីបូព៌ា។
បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដខាងលើ បានឲ្យដឹងថា ប្រភេទ A គឺជាទម្រង់ដែលត្រូវបានរកឃើញ ស្រដៀងគ្នាទៅនឹងមេរោគ SARS-Cov-2 ត្រូវបានរកឃើញ នៅក្នុងសត្វប្រចៀវ ប៉ុន្ដែវាមិនមែនជាប្រភេទកើត នៅក្នុងទីក្រុងវូហាននោះទេ។ រីឯរូបសំណាកចំនួន២៣ ដែលកើតពីវូហាន មានតែ៣ប៉ុណ្ណោះ ជាប្រភេទ A ហើយរូបសំណាកផ្សេងទៀត ជាប្រភេទ B ក៏អាចបម្រែបម្រួល មកពី A ខ្លះៗផងដែរ។
បើទោះជាការស្រាវជ្រាវយ៉ាងដូច្នេះក្ដី ក៏មានប្រទេសរហូតដល់ទៅ៦២ បានគាំទ្រដល់អូស្រ្ដាលី និងអឺរ៉ុប ស្នើឲ្យមានការស្រាវជ្រាវ ដោយឯករាជ្យពីកូវីដ១៩។ ដោយឡែកអាមេរិកវិញ ដែលជាអ្នកចោទដំបូងគេថា កូវីដ១៩បានលេចចេញពីមន្ទីរពិសោធន៍របស់ចិន នៅមិនទាន់មានប្រតិកម្មអ្វីនោះឡើយ។
វីរុសកូវីដ១៩នេះ បានផ្ទុះឡើងដំបូង នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន។ ប៉ុន្ដែបើគិតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មេរោគដ៏កាចសាហាវនេះ បានរាតត្បាតពាសពេញពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនឡើង ៤ ៨១៨ ០២៥នាក់ ក្នុងនោះស្លាប់ ៣១៦ ៩២៥នាក់ និងជាសះស្បើយ ១ ៨៦៣ ៨៧០នាក់៕ ប្រែសម្រួលដោយ Nuon