សារព័ត៌មាន Tolo News បានដកស្រង់ប្រភពពីមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថាន បញ្ជាក់ថា យ៉ាងតិចមនុស្ស៧នាក់ស្លាប់ និងជាង៤០នាក់រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ក្នុងរថយន្តអត្តឃាតមួយគ្រឿង នៅជិតអគារអង្គភាពពិសេសកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (NDS) ស្ថិតនៅភាគខាងកើតខេត្ត Ghazni ។
ប្រភព Tolo News បានផ្សាយថា ការវាយប្រហារនេះបានកើតឡើង កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ រីឯជនរងគ្រោះ ភាគច្រើនជាបុគ្គលិករបស់ NDS ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានក៏បានបញ្ជាក់ផងដែរ អំពីការវាយប្រហារ នៅក្នុងខេត្ត Ghazni នេះ ប៉ុន្តែគេមិនបានលាតត្រដាងព័ត៌មានលម្អិតនោះទេ។
ក្រសួងមហាផ្ទៃបានប្រកាសថា ជាអកុសលអំពើភេរវកម្មកើតឡើងជាថ្មីម្តងទៀត ដោយវាយប្រហារនៅជិតមជ្ឈមណ្ឌលសាសនាមួយ នៅក្នុងខេត្ត Ghazni ។
ប្រភព Sputnik ផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារនេះនៅឡើយ។
អំពើហិង្សានេះបានកើតឡើង នៅចំពេលដែលស្ថានការតានតឹងរវាងរដ្ឋាភិបាលទីក្រុងកាប៊ុល ហើយនិងក្រុមរ៉ាឌីកាលប្រដាប់អាវុធក្រោមមែកធាងក្រុមជីវពលតាលីបង់ កំពុងតែពុះកញ្ជ្រោលខ្លាំងឡើង ។
ថ្មីៗនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានបញ្ជាកងកម្លាំងប្រដាប់អាវុធឲ្យបន្តប្រតិបត្តិការវាយប្រហារទៅលើក្រុមឧទ្ទាម ក្រោយការវាយប្រហារពីរលើកកាលពីដើមខែឧសភារបស់ក្រុមភេរវកម្ម សម្លាប់មនុស្ស អស់ជាច្រើននាក់។ ការវាយប្រហាររបស់ពួកឧទ្ទាមនោះបានធ្វើឡើង ទាំងនៅមន្ទីរពេទ្យ នៅទីក្រុងកាប៊ុល និងវាយប្រហារពិធីបុណ្យសពមន្ត្រីម្នាក់ នៅក្នុងខេត្ត Nangarhar ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ មានផែនការចុះកិច្ចព្រមព្រៀងមួយ ក្រោយកិច្ចព្រមព្រៀងរវាងអាមេរិក និងក្រុមជីវពលនេះ ។ កិច្ចព្រមព្រៀង រវាងអាមេរិកនិងតាលីបង់នោះ អាចនឹងនាំឲ្យបញ្ចប់សង្គ្រាមជាង២ទសវត្សរ៍ នៅក្នុងប្រទេសនេះ តាមរយៈការដកកងកម្លាំងអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ៕ ប្រែសម្រួលដោយ៖ thach yat