ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ប្រែប្រួលតិចតួច នៅពេលបណ្តាប្រទេសមួយចំនួនបន្ធូរបន្ថយការចាក់សោពីកូវីដ១៩
ក្នុងពេលជាមួយគ្នានេះ ប្រទេសជប៉ុនបានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនបានធ្លាក់ចុះ ៣,៤ ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលជំងឺ COVID-19 បានឆ្លងរាតត្បាត ។
យោងតាមសារព័ត៌មាន CNBC News បានផ្សាយថា ភាគហ៊ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមិនមានការផ្លាស់ប្តូរ ឬប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ នៅក្នុងការជួញដូរ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។
សន្ទស្សន៍ភាគហ៊ុន Nikkei 225 របស់ជប៉ុនបានកើនឡើង 0.11 ភាគរយ ខណៈសន្ទស្សន៍ភាគហ៊ុន Topix បានកើនឡើង 0.18 ភាគរយ ។ ទោះយ៉ាងណា ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះមួយផ្នែក ។
នៅអូស្រ្តាលី ភាគហ៊ុន S&P/ASX 200 បានកើនឡើង ១,១ ភាគរយ នៅក្នុងពេលចាប់ផ្តើមជួញដូរដំបូង ។
ជារួម នៅក្នុងតំបន់ទាំងមូល សន្ទស្សន៍ MSCI Asia ក្រៅពីសន្ទស្សន៍ ប្រទេសជប៉ុនចេញ គឺខ្ពស់ជាង ០,០៨ ភាគរយ។
ទន្ទឹមនឹងនេះដែរ នៅសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនាពេលអនាគតដែលជាប់ទាក់ទងនឹងសន្ទស្សន៍ភាគហ៊ុនសំខាន់ៗបានកើនឡើងនៅក្នុងការជួញដូរកាលពីពេលល្ងាចថ្ងៃអាទិត្យ។ លុះមកដល់ព្រឹកថ្ងៃចន្ទ ការជួញដូរការជួញដូរមានការកើនឡើងបន្ថែមទៀតផងដែរ ។ ភាគហ៊ុន Dow Jones Industrial Average បានកើនឡើង ២១៤ ពិន្ទុ ខណៈដែល ភាគហ៊ុន S&P 500 និង ភាគហ៊ុនអនាគត Nasdaq បានលេចចេញការកើនឡើងផងដែរ ។
អ្នកវិនិយោគិនបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ចំពោះការអត្ថាធិប្បាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ របស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ដែលថា ការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចពេញលេញអាចនឹងកើតឡើងបាន លុះត្រាណាតែវ៉ាក់សាំងការពារមេរោគត្រូវបានរកឃើញ ។
លោក Powell បានថ្លែងប្រាប់ប្រភព CBS ក្នុងកម្មវិធី ៦០នាទី ថា «ចូលរំពឹងគិតចុះថា វាប្រហែលជាមិនមែនរលកទី២ការឆ្លងរាតត្បាតពីវីរុសកូវីដ១០នេះទេ ខ្ញុំគិតថា អ្នកនឹងឃើញសេដ្ឋកិច្ចងើបឡើងវិញជាបណ្តើរៗ នៅក្នុងឆមាសទី២ឆ្នាំ២០២០នេះ ។ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចងើបឡើងវិញទាំងស្រុង… ប្រហែលជាត្រូវរង់ចាំការមកដល់វ៉ាក់សាំងបង្ការមេរោគជាមុនសិន» ៕ ប្រែសម្រួលដោយ៖ thach yat