ការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យប្រទេសឥណ្ឌូនេស៊ី រងផលប៉ះពាល់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលទីក្រុងហ្សាការតា នឹងត្រូវការចំណាយថវិកា ជាង៤០ពាន់លានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចប្រទេសនេះឡើងវិញ។
យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (Kadin) បានឲ្យដឹងថា រដ្ឋាភិបាលហ្សាការតា នឹងបង្កើនការចំណាយ រហូតដល់៤០,១៧ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។ រដ្ឋាភិបាលនឹងជួយដល់ពាណិជ្ជកម្មក្នុងស្រុក ដើម្បីដោះស្រាយដល់ផលប៉ះពាល់ នៃឥទ្ធិពលកូវីដ១៩។
លោកស្រី Shinta Kamdani អនុប្រធាន Kadin បានថ្លែង នៅក្នុងសន្និសីទកាសែត តាមអនឡាញ កាលពីពេលថ្មីៗនេះថា ថវិកាបច្ចុប្បន្ន សម្រាប់កម្មវិធីស្ដារសេដ្ឋកិច្ចជាតិនោះ នឹងមិនគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់ដល់ពាណិជ្ជកម្ម។ រីឯសហគ្រាសជាច្រើន មានប្រាក់គ្រប់គ្រាន់សម្រាប់ថែរក្សាការប្រតិបត្ដិការរបស់ខ្លួន រហូតដល់ខែមិថុនា។
លោកស្រី បានលើកឡើងថា លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo នឹងលើកឡើងអំពីការចំណាយថវិកា ប្រហែល៦០០ពាន់ពាន់លានរូប៊ី (600 trillion Rp) ឬប្រហែលជាង៤០ពាន់លានដុល្លារអាមេរិក សម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ។ រីឯថវិកា៦០០ពាន់ពាន់លានរូពី (លុយឥណ្ឌូនេស៊ី) សម្រាប់កម្មវិធីសន្ដិសុខសង្គម ហើយនិង៤០០ពាន់ពាន់លានរូពី (Rupiah) ផ្សេងទៀត សម្រាប់ប្រព័ន្ធសុខភាព។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកំពុងតែរៀបចំដាក់ផែនការ ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតផ្នែកសង្គម សម្រាប់ទប់ស្កាត់កូវីដ១៩ រហូតដល់ខែមិថុនា ដើម្បីអនុញ្ញាតឱ្យអាជីវកម្ម ធ្វើប្រតិបត្តិការឡើងវិញជាបណ្តើរៗ៕ ប្រែសម្រួលដោយ Nuon