មណ្ឌលគិរី៖ ពិតជាគួរឱ្យសោកស្ដាយក្រោយប្រទះឃើញសំណាកសត្វខ្ទីង ១ក្បាលបានងាប់ ដែលសត្វប្រភេទនេះស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជពីលើភពផែនដី។ នេះបើយោងតាមឧទ្យានុរក្សមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹង។
តាមការបញ្ជាក់ពីមន្ត្រីឧទ្យានុរក្ស បានសន្និដ្ឋានថា សត្វខ្ទីង ១ក្បាលនេះ បានងាប់តាំងពីក្នុងអំឡុង១ខែមុនមកម្លេះ ដោយសារការបរបាញ់ ព្រោះមានសភាពនិងក្លិនស្អុយរលួយ ហើយបានបាត់ក្បាល និងស្នែង។ សាកសពសត្វខ្ទីងមួយក្បាលនេះ ត្រូវបានប្រទះឃើញនៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្រ្តភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមអភិរក្សសត្វព្រៃ បង្ហាញការសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់សត្វដ៏កម្រ ១ក្បាលនេះ ព្រមទាំងបានសំណូមពរឱ្យប្រជាពលរដ្ឋឈប់បរបាញ់សត្វព្រៃ ហើយចូលរួមការពារ និង អភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ ដោយ៖ តារា