លាក់ខ្លួន២០ឆ្នាំពីការតាមចាប់ពាក់ព័ន្ធបទល្មើសប្រល័យពូជនសាសន៍ នៅ Rwanda ត្រូវបានចាប់ខ្លួន នៅបារាំង
អំពើអាក្រក់មិនអាចគេចខ្លួនឡើយ បើទោះជាខំលាក់ខ្លួននៅទីណា យូរប៉ុនណាក៏ត្រូវគេរកឃើញ និងចាប់ខ្លួននាំទៅដាក់ទោសដែរ។ ជាក់ស្តែង អតីតមេដឹកនាំ Rwanda ជាអ្នកដឹកនាំប្រល័យពូជសាសន៍ បានសម្លាប់មនុស្ស ជាង៨សែននាក់ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្រោយលាក់ខ្លួននៅទីនោះ និងប្តូរឈ្មោះ ហើយត្រកូល អស់រយ:ពេល២០ឆ្នាំកន្លងមក។
សារព័ត៌មាន France 24 បានផ្សាយថា លោក Felicien Kabuga ដែលពិភពលោកតាមចាប់ខ្លួន អស់រយៈពេល២០ឆ្នាំកន្លងមក តែពេលនេះត្រូវបារាំងចាប់ខ្លួនបានហើយ។ បុគ្គលខាងលើ គឺជាអ្នកដឹកនាំ ក្នុងរបបប្រល័យពូជសាសន៍ ឆ្នាំ១៩៩៤ ប្រឆាំងនឹងជនជាតិ Tutsi និងជនជាតិ Hutus នៅប្រទេស Rwanda ។ ប៉ូលិសបារំាងចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែឧសភា ដោយមានកិច្ចសហប្រតិបត្តិការពីអង្គការសហប្រជាជាតិផងដែរ។
រដ្ឋអាជ្ញា និងប៉ូលិសប្រចាំតំបន់របស់បារាំង បានឲ្យដឹងថា ជនជាប់ចោទ អាយុ៨៤ឆ្នាំរូបនេះ កំពុងរស់នៅជាមួយនឹងឈ្មោះក្លែងក្លាយ នៅក្នុងបន្ទប់ឃុនដូរ ស្ថិតនៅតំបន់ Asnières-Sur-Seine ជាយក្រុងប៉ារីស ប្រទេសបារាំង។ មុនពេលកាត់ទោស លោក Felicien Kabuga ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ប្រទេសហូល្លង់ ដើម្បីឃុំខ្លួន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម។
ជាក់ស្តែង នៅឆ្នាំ១៩៩៤ ពលរដ្ឋ Rwandan ជិត៨សែននាក់ បានស្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ ក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ។ ក្នុងចំណោមជនរងគ្រោះទាំងនោះមាន ៣សែននាក់ជាកុមារ ។ ក្រៅពីនេះ ការសម្លាប់រង្គាលបានធ្វើឲ្យកុមារ រហូតដល់ទៅ៩៥ពាន់នាក់ ក្លាយជាកុមារកំព្រា៕ ប្រែសម្រួលដោយ៖ MEO