ប៉ូលិសប្រទេសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្សប្រហែល៣០០នាក់ ដែលរំលោភបំពានច្បាប់ឃ្លាតឆ្ងាយសង្គម ខណៈដែលក្រុមទាំងនោះប្រមូលផ្តុំគ្នាបាតុកម្មកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ ក្រុមបាតុករបានជួបជុំនៅទូទាំងទីក្រុងប៉ែកឡាំង ប្រឆាំងតវ៉ាការរឹតបន្តឹងរបស់រដ្ឋាភិបាលទប់ស្កាត់កូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19)នោះ ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានបញ្ជាក់ថា «សរុបទាំងអស់ មនុស្សជាង៣០០នាក់ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតទាក់ទងការរំលោភបំពានច្បាប់ស្តីអំពីសណ្តាប់ធ្នាប់សាធារណៈត្រូវបានធ្វើឡើង» ។ ប្រភពថា ក្នុងចំណោមពួកគេទាំងនោះ លើកលែងតែពីរនាក់ត្រូវបានដោះលែង ។
តាមការចេញផ្សាយរបស់ប្រភព sputnik បញ្ជាក់ថា បាតុករ១៩នាក់ត្រូវបានឃុំខ្លួននៅរដ្ឋធានីអាល្លឺម៉ង់ ។ ការជួបជុំលើសពី៥០នាក់មិនត្រូវបានអនុញ្ញាត ។
ប៉ូលិសអាល្លឺម៉ង់៥នាក់រងរបួសនៅក្នុងការប្រទូស្តរ៉ាយគ្នាជាមួយក្រុមបាតុករ ។ ម្នាក់បញ្ជូនចូលពេទ្យ ។
គួរបញ្ជាក់ថា អាល្លឺម៉ង់មានរលកបាតុកម្មតាំងពីថ្ងៃទី២១ ខែមេសា នៅពេលដែលរដ្ឋាភិបាលសហព័ន្ធចាប់ផ្តើមរឹតបន្តឹងការចាក់សោ ឬបិទប្រទេសដើម្បីបញ្ចៀសការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។ ក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ជាក់ថា ពួកអ្នកនយោបាលនិយមស្តាំបានព្យាយាមប្រើប្រាស់វិបត្តិនេះដើម្បីមហិច្ឆតាផ្ទាល់ខ្លួន ។
និយាយអំពីកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់វិញ មកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មានអ្នកឆ្លងសរុប ១៧៦ ៦៥១ នាក់ ក្នុងនោះបាត់បង់ជីវិត ៨ ០៤៩នាក់ និង ១៥៣ ៤០០នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat