សុខភាព៖តើអ្នកតែងតែមានសញ្ញារមាស់ភ្នែកជាប្រចាំឬ? ហើយមានដឹងទេថាជំងឺណាខ្លះអាចឲ្យភ្នែករបស់អ្នករមាស់?
តាមការសិក្សាជាក់ស្តែងបានបង្ហាញថា ជំងឺ៤យ៉ាងខាងក្រោមអាចធ្វើឲ្យអ្នកលេចចេញនូវអាការៈរមាស់ភ្នែកញឹកញាប់បំផុត៖
១. ជំងឺស្ងួតភ្នែក៖ លក្ខខណ្ឌមួយដែលភ្នែករបស់អ្នកមិនមានគុណភាពទឹកភ្នែកល្អគ្រប់គ្រាន់ដើម្បីរំអិល និងផ្តល់អាហារដល់ភ្នែក។ ស្ងួតភ្នែកជាបញ្ហាប្រឈមរ៉ាំរ៉ៃមួយ កើតមានចំពោះមនុស្សពេញវ័យភាគច្រើន ដែលទាមទារការព្យាបាលដាច់ខាត។ ក្រៅពីរមាស់ ករណីភ្នែកស្ងួត អាចបង្កជាការរលាក ព្រិល និងហូរទឹកភ្នែកទៀតផង។
២. រលាកត្របកភ្នែក៖ មូលហេតុចម្បងមួយបង្កឡើងពីបាក់តេរីលើស្បែកត្រង់ត្របកភ្នែករបស់អ្នក អាចធ្វើឲ្យរមាស់គ្រាប់ភ្នែក ក្រហម ហៀរទឹកភ្នែក ហើម និងរបក ឬក្រម៉ត្របកភ្នែក។ ករណីធ្ងន់ធ្ងរខ្លះ រលាកត្របកភ្នែកអាចធ្វើឲ្យអ្នកព្រិលភ្នែក រលាកដល់ជាលិកាភ្នែក ឬជ្រុះរោមភ្នែកថែមទៀតផង។
៣. អាល្លែកហ្ស៊ី៖ ការប្រឈមនឹងអាល្លែកហ្សែន ឬសារធាតុបង្កឲ្យអ្នកអាល្លែកហ្ស៊ី ដែលអាចមានក្នុងអាហារ បានពីសត្វ រុក្ខជាតិ ឬបរិស្ថានជុំវិញខ្លួនអ្នក ត្រូវបានចាត់ទុកជាមូលហេតុចម្បងមួយធ្វើឲ្យអ្នកអាល្លែងហ្ស៊ីភ្នែក។ សញ្ញាសំខាន់នៃអាល្លែកហ្ស៊ីភ្នែកគឺភ្នែករបស់អ្នករមាស់មិនឈប់ឈរ និងហើមភ្នែក កើតម្តងហើយម្តងទៀត ឯការប្រើថ្នាំអាចជួយបំបាត់អាការៈបានមួយរយៈប៉ុណ្ណោះ។
៤. ជំងឺភ្នែកក្រហម៖ រមាស់ ហើយភ្នែកឡើងក្រហម ដោយមានទឹកសខាប់ហៀរចេញពីភ្នែក គឺជាសញ្ញានៃជំងឺភ្នែកក្រហម។ ជម្រើសល្អបំផុតអ្នកត្រូវជួបគ្រូពេទ្យភ្នែករបស់អ្នកឲ្យបានឆាប់ ព្រោះនេះជាសញ្ញាណនៃការបង្ករោគដោយបាក់តេរី និងត្រូវការវេជ្ជបញ្ជាក្នុងការប្រើអង់ទីប៊ីយ៉ូទិក។ អំឡុងពេលនេះដែរ អ្នកត្រូវចៀសវាងការប៉ះភ្នែក ព្រោះជំងឺភ្នែកក្រហមងាយឆ្លង និងអាចសាយភាយទៅកាន់ភ្នែកម្ខាងទៀត ឬអ្នកផ្សេងយ៉ាងឆាប់។
ជាការពិត រឿងមួយដែលអ្នកមិនគួរមើលរំលងបើអ្នកចេះតែរមាស់ភ្នែកនោះគឺការរកឲ្យឃើញថាវាជាសញ្ញានៃជំងឺណាមួយពិតប្រាកដ ដើម្បីធានាប្រសិទ្ធភាពនៃការព្យាបាល ប្រកបដោយសុវត្ថិភាព៕