ច្បាស់ណាស់ថា ពេជ្រជាវត្ថុធាតុដ៏មានតម្លៃ តែក្នុងចំណោមពេជ្រក៏មានពេជ្រដែលមានតម្លៃថ្លៃជាងគ្នាផងដែរ ដោយពឹងផ្អែកលើគុណភាព ក៏ដូចជាទំហំរបស់វា។
ជាក់ស្ដែងដុំពេជ្រធំបំផុតនិងមានតម្លៃបំផុតរបស់ពិភពលោកត្រូវបានគេរុករកឃើញនៅកាលពីខែវិច្ឋិកាឆ្នាំ 2015 ដោយក្រុមហ៊ុន Lucara Diamond Corp នៅកន្លែងរុករករ៉ែក្នុងប្រទេសបុតស្វាន់ណា និងត្រូវបានគេសន្មត់ថាជាការរុករកដ៏កម្រមួយ ដោយគេមិនដែលរុករកឃើញគ្រាប់ពេជ្រដ៏កម្របែបនេះទេក្នុងរយៈពេលជាង 100ឆ្នាំចុងក្រោយនេះ។
ក្រោយរុករកឃើញគ្រាប់ពេជ្រនេះត្រូវបានគេហៅថា “ឡេស៊ីដា ឡារ៉ូណា” (Lesedi la Rona) ដែលជាពាក្យក្នុងភាសារបស់ប្រទែសបុតស្វាន់ណា ប្រែថា “ពន្លឺរបស់យើង”។
វាត្រូវបានគេដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសនៅខែមិថុនាឆ្នាំ 2016នេះ មុនពេលនឹងត្រូវគេដាក់លក់បំបែកកំណត់ត្រាពិភពលោកតម្លៃ 50លានផោន (ប្រមាណ 70លានដុល្លារអាមេរិក)។
តាមពិតទៅ កាលពីឆ្នាំ 1905 គ្រាប់ពេជ្រដែលគេហៅថា “ឃូលីណាន់” ត្រូវបានគេរុករកឃើញហើយវាមានទំហំដល់ទៅ 3016.75 ការ៉ាត តែមកដល់ពេលបច្ចុប្បន្នវាត្រូវបានគេបំបែកច្នៃជាគ្រាប់ពេជ្រតូចៗ 9គ្រាប់។ ដូចនេះបច្ចុប្បន្នមានតែគ្រាប់ពេជ្រ “ឡេស៊ីដា ឡារ៉ូណា” ទេដែលមានទំហំធំជាងគេ។
របាយការណ៍ឯករាជ្យមួយក៏បានអះអាងដែរថា “ឡេស៊ីដា ឡារ៉ូណា” អាចនឹងត្រូវបានគេច្នៃទៅជាដុំពេជ្រមួយគ្រាប់ដែលមានគុណភាពខ្ពស់ ដែលពិភពលោកមិនដែលធ្លាប់ជួបប្រទះពីមុនមក៕