ក្បួនសឹកស៊ុនអ៊ូ៖ ប្រហារជីវិតអ្នកម្នាង២អង្គដើម្បីពង្រឹងទ័ព៣ពាន់នាក់ លទ្ធផលចុងក្រោយ…! (មានវីដេអូ)
ថ្ងៃនេះ Anarchak សូមបង្ហាញជូនប្រិយមិត្តនូវឈុតឆាកដ៏អស្ចារ្យមួយនៃរឿងបុរាណចិនដែលបង្ហាញពីយុទ្ធសាស្ដ្ររបស់កងទ័ព។
នៅក្នុងឈុតមួយនៃក្បួនសឹកស៊ុនអ៊ូ មេទ័ព ស៊ុនអ៊ូត្រូវបានព្រះអង្គម្ចាស់នៃនគរអ៊ូប្រទានកងទ័ពជានារីសុទ្ធចំនួន៣ពាន់នាក់បូករួមនឹងអ្នកម្នាងផ្ទាល់របស់ព្រះអង្គ ២ អង្គផងជាមេកង ដើម្បីពិសោធមើលថាតើក្បួនសឹករបស់ស៊ុនអ៊ូ ពិតជាខ្លាំងដូចគេល្បីមែនឬយ៉ាងណា។
ស៊ុនអ៊ូ ក្រោយពីទទួលបានបញ្ជាឱ្យដឹកនាំបង្វឹកកងទ័ពជានារីសុទ្ធដូច្នោះក៏សួរបញ្ជាក់ទៅព្រះអង្គថា តើពិតជាអនុញ្ញាតិឱ្យគេប្រើអំណាចជាមេទ័ពដើម្បីបង្វឹកមែនឬយ៉ាងណា។ ព្រះអង្គក៏ប្រទានដាវឈីង អ៊ីង ដែលមានអំណាចស្មើនឹងស្ដេច ហើយអ្នកកាន់ដាវនេះ អាចសម្លាប់នរណាក៏បានឱ្យតែប្រឆាំងនឹងបញ្ជា។
ស៊ុនអ៊ូក៏ចាប់ផ្ដើមប្រើអំណាចជាមេទ័ពបង្វឹកកងទ័ពជានារីទាំងនោះ ដោយបញ្ជាឱ្យទៅមុខ ទៅក្រោយ ឆ្វេងស្ដាំ អង្គុយឈរ តាមសម្លេងស្គរនិងរគាំង។ ក៏ប៉ុន្តែនៅពេលចាប់ផ្ដើម អ្នកម្នាងទាំងពីរដែលជាមេកងមិនស្ដាប់តាមបញ្ជាហ្មត់ចត់ឡើយ ដោយគិតតែរអ៊ូរទាំ អាងខ្លួនជាអ្នកម្នាងដែលស្ដេចខ្វះមិនបាន។
ស្មារតីកងទ័ពក៏បាក់ស្រុតទៅតាមនោះដែរ។ ពេលនោះស៊ុនអ៊ូក៏ប្រកាសរំលឹកពីវិន័យកងទ័ពថា បើកងទ័ពមិនស្ដាប់បញ្ជានោះមេកងជាអ្នកទទួលវិន័យ ហើយស៊ុនអ៊ូក៏បញ្ជាឱ្យមន្ដ្រីអនុវត្តវិន័យប្រហារជីវិតអ្នកម្នាងទាំងពីរ។ គ្រប់គ្នាក៏ស្រឡាំងកាំងជាខ្លាំងមិនជឿថាស៊ុនអ៊ូហ៊ានដល់ថ្នាក់នេះ។
ស្ដេចទ្រង់ក៏បញ្ជាឱ្យបុត្រាទៅហាមឃាត់ស៊ុនអ៊ូ តែស៊ុនអ៊ូប្រើប្រាស់ដាវឈីង អ៊ីងដែលស្ដេចប្រទានគម្រាមសម្លាប់រាល់នរណាដែលមករារាំងបញ្ជាគេ។ ពេលនោះស្ដេចទ្រង់ក៏ទាល់យោបល់ហើយក៏យាងចេញទាំងឈឺហឬទ័យ។ បន្តិចក្រោយមកអ្នកម្នាងទាំងពីរក៏ត្រូវបានគេប្រហារជីវិត។
ក្រោយពីការអនុវត្តវិន័យដ៏តឹងរឹងនោះមក កងទ័ពជានារីទាំង ៣០០០ នាក់ហាក់មានស្មារតីស្វាហាប់ មានវិន័យតឹងរឹង ស្ដាប់បញ្ជានិងការដឹកនាំក្បួនសឹករបស់ស៊ុនអ៊ូគ្មានចន្លោះ ក្លាយជាកងទ័ពដ៏ខ្លាំងក្លាមួយធ្វើឱ្យមេទ័ពទាំងឡាយនិងព្រះអង្គភ្ញាក់ផ្អើលនិងសព្វព្រះរាជហឬទ័យជាខ្លាំង៕