ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព លួចកាច់កម៉ូតូ ហើយរត់គេចខ្លួនបានជិតមួយខែ ចុងក្រោយអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃ ១៧ ខែឧសភា ឆ្នាំ២០២០ នៅចំនុចមុខផ្ទះអត់លេខ ផ្លូវដួងងៀប ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ញឹម ជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ និងកន្លែងស្នាក់ការមិនពិតប្រាកដ។
តាមសម្តី លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ មានជនរងគ្រោះម្នាក់ បានមកដាក់ពាក្យបណ្ដឹង ថា ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាព កាច់កម៉ូតូ ម៉ាក ZOMER X យកទៅបាត់ ហើយបន្ទាប់ពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ៣ បានធ្វើការស្រាវជ្រាវ និងឆែកមើលកាម៉ារ៉ាសុវត្ថិភាព រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋាន ក៍ប្រទះឃើញជនសង្ស័យ មានភិនភាគដូចក្នុងរូបកាម៉ារ៉ាសុវត្ថិភាព កំពុងដើរតាមបណ្ដោយផ្លូវដួងងៀប ទើបធ្វើការឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ តែម្តង។
ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ របស់ជនរងគ្រោះ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ ពិតប្រាកដមែន។
បន្ទាប់ពីសាកសួររួច ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ សួង សាម