មនុស្សយ៉ាងតិច៦នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស ក្រោយពេលហេតុការណ៍ក្រឡាប់រថយន្តបឺសមួយគ្រឿងនៅលើផ្លូវល្បឿនលឿន ភាគនិរតីប្រទេសចិន ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរក្នុងតំបន់ ជាមួយបណ្តាញព័ត៌មានផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។
មនុស្ស៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភានោះ ស្ថិតនៅលើដងមហាវិថីល្បឿនលឿនមួយខ្សែ ភ្ជាប់ពីទីក្រុង Xichang ទៅកាន់រដ្ឋធានី Chengdu ទីរួមខេត្ត Sichuan ។
មនុស្សទាំងអស់១០នាក់ ក្នុងចំណោម៣៦នាក់បាននិងកំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ។ មូលហេតុគ្រោះថ្នាក់ ក្រឡាប់រថយន្តនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ចិនបានខិតខំដើម្បីបញ្ចប់ឧប្បទ្ទវហេតុគ្រោះថ្នាក់ដោយសារតែការផ្ទុកលើសទម្ងន់ និងការត្រួតពិនិត្យយានយន្តដិតដល់មុនពេលធ្វើដំណើរ ។ អាជ្ញាធរបានរឹតបន្តឹងទៅលើអ្នកបើកបរ ដើម្បីបញ្ចៀសការបើកបរអត់ងងុយ អស់កម្លាំងរយៈពេលច្រើនម៉ោង ។ ការថែទាំផ្លូវថ្នល់ទាំងឡាយជួយឲ្យកាត់បន្ថយបានកំណើនគ្រោះថ្នាក់បាត់បង់ជីវិត ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេបានលើកឡើងថា ការអនុវត្តច្បាប់នេះធូរលុងនៅតាមទីជនបទ ។
អ្វីជាការព្រួយបារម្ភបំផុតនោះ គឺរថយន្តបឺសតូចៗដឹកសិស្សទៅកាន់សាលា ដែលស្ថិតនៅឆ្ងាយដាច់សង្វែងពីភូមិឋាន និងយានយន្តដឹកកម្មករមានប្រាក់ខែទាបទៅរកកងារធ្វើនៅតាមឈូងសមុទ្រជាដើម ក៏រងនូវហានិភ័យខ្លាំងណាស់ដែរ ៕ ប្រែសម្រួលដោយ៖ thach yat