អតីតជំនួយការក្រុមបាល់ទាត់ជម្រើសជាតិ អេហ្ស៊ីប លោក Hany Ramzy បាននិយាយថា កីឡាករខ្សែបម្រើប្រយុទ្ធ Mohamed Salah បានច្រានចោលសំណើរបស់ក្លិប Real Madrid ក្នុងឆ្នាំ ២០១៨ ហើយបានបន្តលេងនៅជាមួយក្លិប Liverpool រហូតដល់ពេលបច្ចុប្បន្ន។
ខ្សែបម្រើប្រយុទ្ធរូបនេះ ត្រូវបានផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ចេញពីទឹកដី Anfield អំឡុងពេលក្លិប Madrid និង Barcelona ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចុះហត្ថលេខាលើ Salah កាលពីមួយរយៈមុន។
លោក Ramzy បាននិយាយថាក្លិប Madrid ពិតជាបានផ្តល់នូវសំណើដើម្បីចុះហត្ថលេខាលើ Salah ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តបន្តនៅជាមួយ Liverpool។
Ramzy បានប្រាប់សារព័ត៌មានមួយនៅក្នុងប្រទេស អេហ្ស៊ីប ថា៖ “នៅពេលដែលខ្ញុំធ្វើការជាមួយ Hector Cuper(អតីតគ្រូបង្វឹកក្រុមជម្រើសអេហ្ស៊ីប) ខ្ញុំបាននិយាយជាមួយ Salah ហើយគាត់បានប្រាប់ខ្ញុំថា Madrid បានបញ្ជូនសំណើទៅកាន់គាត់។ ក្រោយមក Salah បានពិភាក្សាជាមួយខ្ញុំនិងលោក Cuper ហើយគាត់បានសម្រេចចិត្តនៅជាមួយ Liverpool ពីព្រោះគាត់ចង់បន្តលេងនៅទឹកដីអង់គ្លេស”។
ការផ្តល់ជូននូវសំណើនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះមុនពេលដែលក្លិបLiverpool ប្រកួតជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Champions League នៅទីក្រុង Kiev ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Goal