កម្ពុជា ក្លាយជាប្រទេសព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយ ១០០% មុនគេបង្អស់លំដាប់ទី ២ នៅអាស៊ី
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជានៅតែបន្តមិនរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីនោះឡើយ ខណៈអ្នកជំងឺកូវីដ ១៩ សរុប ១២២ករណី បានជាសះស្បើយជាបន្តបន្ទាប់ ដោយករណីស្រ្តីជនជាតិខ្មែរចុងក្រោយ បានជាសះស្បើយកាលពីថ្ងៃ ១៦ ឧសភា។
បើប្រៀបជាមួយបណ្តាប្រទេសជុំវិញកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កម្ពុជាបានក្លាយជាប្រទេសព្យាបាលអ្នកជំងឺកូវីដជាសះស្បើយទាំងស្រុង មុនគេបង្អស់លំដាប់ទី២នៅក្នុងតំបន់អាស៊ី ក្រោយប្រទេសទីម័រខាងកើត ដែលមានឆ្លងសរុប ២៤ករណី ជាដាច់ទាំងស្រុងនៅកាលពីថ្ងៃទី ១៥ ឧសភា ខណៈប្រទេសឡាវ ភូមា ជាដើម ទោះមានករណីឆ្លងតិចតួចជាងកម្ពុជា ប៉ុន្តែមកទល់ថ្ងៃអាទិត្យនេះ នៅតែមិនទាន់មានករណីជាសះស្បើយទាំងស្រុងនោះឡើយដែរ។
កម្ពុជា រកឃើញករណីឆ្លងកូវីដ ១៩ លើកដំបូងបង្អស់ កាលពីថ្ងៃទី ២៧ មករា ខណៈមកទល់នឹងពេលនេះ អ្នកធ្វើតេស្តរកវីរុស មានសរុបដល់ទៅ ១៥ ១៦២នាក់។
ទោះជាមិនមានករណីឆ្លងថ្មី និងជាសះស្បើយអស់ក៏ពិតមែន ប៉ុន្តែក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលកម្ពុជា នៅតែទទូចឲ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ រក្សាអនាម័យ គម្លាតសង្គម និងប្រុងប្រយ័ត្នករណីផ្ទុះរាតត្បាតរលកទី២ នៃជំងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ សុភា