ទីក្រុងប៉េកាំងបានទទូចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ “ការគៀបសង្កត់ដោយមិនសមហេតុផល ចំពោះក្រុមហ៊ុន Huawei និងសហគ្រាសរបស់ចិន” ។ ការទទូចនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសរឹតបន្តឹងការនាំចេញថ្មីរបស់ខ្លួន ដើម្បីរឹតត្បិតក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនកុំឲ្យទទួលបានការប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិចផ្ទាល់របស់អាមេរិក ។
ការប្រកាសរឹតបន្តឹងនេះ ស្របពេលដែលអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថា ធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន ក៏ដូចជាពេលដែលអាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យានោះ ។
ក្រសួងការបរទេសចិនបានថ្លែងការណ៍មួយ កាលពីថ្ងៃទី១៦ ខែឧសភាថា “រដ្ឋាភិបាលចិន នឹងប្រកាន់ខ្ជាប់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន” ជានិច្ច ។ យើងទទូចឱ្យភាគីអាមេរិកបញ្ឈប់ការគៀបសង្កត់ដោយមិនសមហេតុផលចំពោះក្រុមហ៊ុន Huawei និងសហគ្រាសរបស់ចិន ។
ក្រសួងការបរទេសចិនដដែលបញ្ជាក់ថា សកម្មភាពរបស់រដ្ឋបាលលោកដូណាល់ ត្រាំ បាន “បំផ្លិចបំផ្លាញដល់ផលិតកម្មពិភពលោក, ការផ្គត់ផ្គង់ ហើយនិងតម្លៃនៃខ្សែសង្វាក់” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសថា ការរឹតបន្តឹងនេះ គឺជាគោលដៅប្រកបដោយយុទ្ធសាស្ត្រ និងការប្រុងប្រយ័ត្នខ្ពស់ចំពោះ Huawei កុំឲ្យទទួលបាននូវបច្ចេកវិទ្យាអេឡិចត្រូនិក ដែលជាអេឡិចត្រូនិក និង software ផលិតដោយផ្ទាល់របស់អាមេរិក ។
មន្ត្រីអាមេរិកបានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មអាមេរិក និងជួយដល់កិច្ចប្រឹងប្រែងចារកម្មរបស់ប្រទេសចិន ។ ការចោទប្រកាន់នេះបានបង្កើនឲ្យមានភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ ដែលជាគូប្រជែងដ៏ស្រួចស្រាវ ខណៈពេលដែលភាគីទាំងពីរ ក៏កំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងអូសបន្លាយជាយូរមកហើយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat