មួយរយៈចុងក្រោយនេះ មានសារព័ត៌មានធំៗជាច្រើនបានធ្វើការចុះផ្សាយទៅលើកីឡាករខ្សែបម្រើ Willian និងខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិបតោខៀវ Chelsea ពីការចាកចេញនៅរដូវក្តៅ ដោយសារកុងត្រាកីឡាករទាំងពីររូបនេះត្រូវអស់សុពលភាពជាមួយក្លិបនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខ។
មានការចុះផ្សាយថា ខ្សែបម្រើ Willian អាចនឹងទៅចូលរួមជាមួយ ក្លិប Arsenal និង Tottenham Hotspur នៅរដូវក្តៅដោយគ្មានតម្លៃខ្លួនផ្ទេរ រីឯខ្សែប្រយុទ្ធ Giroud មានការផ្សាភ្ជាប់ថានឹងផ្លាស់ទៅកាន់ក្លិប Inter នៅរដូវក្តៅនេះផងដែរ។
យ៉ាងណាមិញ បើតាមអ្នកចាត់ការទូទៅក្លិប Chelsea លោក Frank Lampard បានមានគំនិតថា គ្រោងនឹងផ្តល់កុងត្រាដល់កីឡាករទាំងពីររូបនេះមួយរយៈពេលខ្លីទៀត ពោល គឺលោកចង់ឱ្យអ្នកទាំងពីរមានឱកាសលេងជាមួយក្លិបឱ្យចប់រដូវកាលនេះ ខណៈពេលដែលក្របខណ្ឌ Premier League នៅមិនទាន់រកថ្ងៃចាប់ផ្តើមការប្រកួតឡើងវិញឃើញ បន្ទាប់ពីមានការពន្យាពេលជាច្រើនសប្តាហ៍មក។
លោក Lampard បានមើលឃើញពីចំណុចខ្លាំងរបស់កីឡាករពីរខាងលើ ហើយលោកគិតថាអ្នកទាំងពីរនៅតែអាចជួយក្លិបបាននៅតំបន់បម្រើ និងប្រយុទ្ធក្នុងការប្រកួតដែលសេសសល់នៅរដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore