សភាអាមេរិកស៊ើបអង្កេតករណីលោកដូណាល់ ត្រាំ បណ្តេញមន្ត្រីស៊ើបការណ៍ម្នាក់ប្រចាំនៅក្រសួងការបរទេស
សភាគណបក្សប្រជាធិបតេយ្យអាមេរិក កាលពីថ្ងៃទី១៦ ខែឧសភា បានប្រកាសថា នឹងបើកការស៊ើបអង្កេតមួយពាក់ព័ន្ធប្រធានាធិបតី ដូណាល់ ត្រាំ បណ្តេញមន្ត្រីស៊ើបការណ៍ផ្ទៃក្នុងម្នាក់នៅក្នុងក្រសួងការបរទេស បន្ទាប់ពីការចោទប្រកាន់ថា មន្ត្រីរូបនេះបង្កើនការប្រឆាំង និងត្រួតពិនិត្យទៅលើរដ្ឋបាលរបស់លោក ។
តាមការចេញផ្សាយរបស់ប្រភព france 24 កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា លោក ដូណាល់ ត្រាំបានផ្ញើលិខិតទៅកាន់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក ដោយបញ្ជាក់ថា គាត់លែងមានទំនុកចិត្តទៅលើសមត្ថភាពរបស់លោក Steve Linick ដែលជាអគ្គអធិការកិច្ចក្រសួងការបរទេសអាមេរិកនោះទៀតហើយ ។ លិខិតនេះមិនបានបន្យល់មូលហេតុអ្វីទាំងអស់នៅក្នុងការដកហូតតំណែងនេះទេ ។
លោក Eliot Engel ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាង បានអះអាងថា លោក Steve Linick ដែលត្រូវគេដកហូតតំណែងនេះ ទើបតែបានបើកការស៊ើបអង្កេតមួយ ស្តីពីសកម្មភាពបំពានអំណាចរបស់លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក។
សមាជិកសភារូបនេះ លើកឡើងថា ការដែលលោកដូណាល់ ត្រាំ បណ្តេញរូបលោក Steve Linick ក្នុងពេលកំពុងស៊ើបអង្កេតបែបនេះ គឺវាច្បាស់ជាធ្វើឲ្យគេ មិនសង្ស័យមិនបានទេ ថាវាអាចជាការសងសឹក ឬការបំបិទមាត់ ។ ប្រភពខ្លះបានអះអាងថា លោក Steve Linick កំពុងស៊ើបអង្កេត អំពីករណីដែលលោកម៉ៃ ប៉ុមប៉េអូ បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់ បំរើលោក និងភរិយាលោក ក្នុងរឿងផ្ទាល់ខ្លួន។
លោកស្រី Nanci Pelosi ប្រធានសភាតំណាង បានលើកឡើង លោក Steve Linick ត្រូវបានគេបណ្តេញចេញ ក៏ព្រោះតែលោកបានបំពេញមុខងាររបស់ខ្លួន ដ៏ត្រឹមត្រូវក្នុងការការពាររដ្ឋធម្មនុញ្ញា។ លោកស្រីបន្តថា លោកប្រធានាធិបតីដូណាល់ ត្រាំ ត្រូវតែឈប់ធ្វើសកម្មភាពដើរសងសឹង បំបិទមាត់គេឯង តទៅទៀតទៅ ក្នុងកាលៈទេសៈដែលប្រទេសកំពុងឆ្លងកាត់វិបត្តិដ៏ធ្ងន់ធ្ងរ ដោយសារកូវីដ១៩។
ក្រោយមក ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Stephen Akard ប្រធានការិយាល័យបេសកកម្មបរទេស នឹងជំនួសលោក Linick ៕ ប្រែសម្រួលដោយ៖ thach yat