Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្នុងរដូវភ្លៀងសូមប្រុងប្រយ័ត្ន ជំងឺឆ្លងទាំង ៦ប្រភេទនេះ

(សុខភាព)៖ ក្នុងរដូវភ្លៀង បញ្ហាសុខភាពងាយនឹងកើតឡើងណាស់ ជាពិសេសជំងឺឆ្លង ប្រសិនបើអ្នកមិនសូវបានយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងនោះ។ 

ជាក់ស្ដែងជំងឺឆ្លងទាំង៦ប្រភេទខាងក្រោមនេះ លោកអ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងរដូវភ្លៀងនេះ ៖

១. ជំងឺគ្រុនចាញ់៖ វាត្រូវបានដឹងថាជាជំងឺមួយក្នុងចំណោមជំងឺផ្សេងទៀត កើតមាននៅខែភ្លៀង និងបង្កឡើងពីមូសដែកគោលញីដែលមានប្រភពមកពីកន្លែងដក់ទឹកមិនស្អាតនៅជុំវិញផ្ទះរបស់អ្នក។ វាត្រូវបានបង្ហាញឡើងតាមរយៈសញ្ញានៃការក្តៅខ្លួន ឈឺខ្លួន ខ្សោយសាច់ដុំ និងបែកញើស ដែលទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានលឿនបំផុតតាម ដែលអាចធ្វើបាន ដើម្បីបញ្ចៀសនូវផលវិបាកដូចជាខាន់លឿង ស្លេកស្លាំងធ្ងន់ធ្ងរ ខ្សោយថ្លើម និងខ្សោយតម្រងនោម។

២. គ្រុនឈាម៖ វីរុសបង្កជំងឺគ្រុនឈាមត្រូវបានចម្លងនៅពេលមូសខ្លាញីមានផ្ទុកមេរោគខាំ ពិសេសនៅពេលព្រឹក។ អ្នកជំងឺអាចមានអាការៈឈឺសន្លាក់ ឈឺសាច់ដុំ ហើមកូនកណ្តុរ ឈឺក្បាល គ្រុនក្តៅ អស់កម្លាំង និងឡើងកន្ទួលលើស្បែក។ គ្រុនឈាមនេះអាចផ្តល់ផលវិបាកជាការហូរឈាម ឈឺពោះ និងខ្សោយ។ គួរបញ្ជាក់ថាគ្មានការព្យាបាលពិសេសណាមួយសម្រាប់អ្នកជំងឺគ្រុនឈាមឡើយ ដែលការព្យាបាលជាទូទៅក្នុងបំណងបន្ថយនូវសញ្ញា បង្គ្រប់ជាតិទឹក និងឱ្យអ្នកជំងឺសម្រាកឱ្យបានច្រើន ដោយមានការត្រួតពិនិត្យដិតដល់ពីគ្រូពេទ្យប៉ុណ្ណោះ។

៣. ជំងឺអាសន្នរោគ៖ ជំងឺឆ្លងតាមរយៈអាហារ និងទឹកមានផ្ទុកមេរោគប្រភេទបាក់តេរី ឬគ្មានអនាម័យ ដែលធ្វើឱ្យអ្នជំងឺរាកធ្ងន់ធ្ងរ សុទ្ធតែទឹក ក្អួត ធ្វើឱ្យបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងឈឺសាច់ដុំ។ អាការៈទាំងនេះអាចកើតមានច្រើនម៉ោងរហូតបង្កឱ្យអ្នកជំងឺមានកាខ្សោះជាតិទឹកធ្ងន់ធ្ងរ និងបាត់បង់តុល្យភាពអេឡិចត្រូលីត្រ។ ធ្វើយ៉ាងណាត្រូវរកឃើញឱ្យលឿនពីវត្តមានបាក់តេរី V. cholera ក្នុងលាមក និងធ្វើការព្យាបាលដោយបង្គ្រប់ជាតិទឹកភ្លាមៗ ព្រោះវាអាចឱ្យអ្នកជំងឺអាចស្លាប់បាន។

៤. រលាកថ្លើមប្រភេទ A៖ មេរោគថ្លើមប្រភេទ A មានការឆ្លងខ្ពស់បំផុតនោះក្នុងចំណោមមេរោគ រលាកថ្លើមផ្សេងទៀត ដែលឆ្លងពីការទទួលទានអាហារ ឬទឹកមានមេរោគ។ អ្នកជំងឺអាចលេច ចេញនូវសញ្ញាខាន់លឿងដែលធ្វើឱ្យភ្នែក និងស្បែកឡើងលឿង ឈឺពោះ បាត់បង់ចំណង់ អាហារ ចង្អោរ ក្តៅខ្លួន រាក និងអស់កម្លាំង។ ដូច្នេះ អ្នកត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន លាងសម្អាតដៃជាប្រចាំ ប្រុងប្រយ័ត្នជានិច្ចរាល់ការទទួលទានអាហារ និងអាចចាក់ថ្នាំបង្ការ បន្ថែមក្នុងករណីចាំបាច់។

៥. គ្រុនផ្តាសាយ៖ អំឡុងពេលដែលមានភ្លៀងធ្លាក់ជោគជាំបែបនេះ សង្កេតឃើញថាគ្រប់គ្នាតែង កើតជំងឺផ្តាសាយញឹកញាប់បំផុត។ ជំងឺបង្កឡើងដោយវីរុសនេះងាយឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតណាស់ ហើយប៉ះពាល់ផ្លូវដង្ហើមផ្នែកខាងលើ ច្រមុះ និងបំពង់ក។ អ្នកជំងឺភាគច្រើនមានអាការៈហៀរសម្បោរ កណ្តាស់ ឈឺខ្លួន រលាកបំពង់ក ស្អកក និងក្តៅខ្លួន។ ការទទួលទានអាហារសុខភាព សារធាតុបំប៉នគ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំការពារ រាងកាយអាចកាត់បន្ថយការប្រឈមមួយកម្រិត។

៦. គ្រុនពោះវៀន៖ បង្កពីបាក់តេរីឈ្មោះថា Salmonella ឆ្លងដោយសារការទទួលទានអាហារ និងទឹកមានផ្ទុកនូវបាក់តេរី ដែលតែងមាននៅក្នុងលាមកអ្នកជំងឺ។ បន្ទាប់ពីបាក់តេរីឆ្លងចូល អ្នកជំងឺនឹងមានអាការៈក្តៅខ្លួន ឈឺពោះខ្លាំង ឈឺក្បាល ក្អួត ដែលទាមទារឱ្យមានការព្យាបាលដោយប្រើថ្នាំផ្សះ និងប្រឹក្សាជាមួយគ្រូពេទ្យ។

ត្រូវប្រាកដថាអ្នកមិនទទឹកទឹកភ្លៀង ឬមិនពាក់ខោអាវសើមយូរពេក លាងសម្អាតដៃជាប្រចាំ បង្កើនប្រព័ន្ធការពាររាងកាយដោយទទួលទានវីតាមីន C និងបន្ថែបៃតង នៅឱ្យឆ្ងាយពីអ្នកជំងឺ សម្អាតទីធ្លាជុំវិញផ្ទះ បំបាត់ជម្រកមូស ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងខាងលើ។ តែបើអ្នកមានសញ្ញាសង្ស័យណាមួយត្រូវប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត៕

from: https://tnaot.com/km/m/detail/article/9221858