ភ្នំពេញ៖ ទូរទស្សន៍កីឡាកម្ពុជា CSTV (Cambodia Sports Television) បង្កើតឡើងក្នុងជំហរដ៏សំខាន់ពីរ ពោលគឺទី១ ដើម្បីរៀបចំម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវការមានទូរទស្សន៍ឯកទេសមួយ និងទី២ គឺជាមជ្ឈមណ្ឌលផ្សព្វផ្សាយកីឡា។ នេះបើយោងតាមប្រសាសន៍លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់ឯកឧត្តមបណ្ឌិតថោង ខុន ជាប្រធាន NOCC នៅក្នុងដំណាក់កាលនៃការរៀបចំការប្រកួតស៊ីហ្គមេលើកទី៣២ ឆ្នាំ២០២៣ យើងត្រូវការទូរទស្សន៍ឯកទេសមួយ។ ទូរទស្សន៍ឯកទេសនេះ គឺយើងធ្វើការបណ្តុះបណ្តាល និងការរៀបចំទៅក្នុងកម្រិតឯកទេសកីឡា ដែលមានន័យថា ទាំងរបៀបថត ការចាប់មុំថត ឧបករណ៍ថត ត្រូវមានលក្ខណៈពិសេស សម្រាប់វិស័យកីឡា ដោយធ្វើយ៉ាងណាឲ្យទូរទស្សន៍នេះជាទូរទស្សន៍ឯកទេស។
លោកបន្តថា ហើយទូរទស្សន៍កីឡាកម្ពុជានេះក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ ពីការត្រៀមស៊ីហ្គេម នាពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ តែម្តង។ នៅចុងឆ្នាំ២០២០ទូរទស្សន៍នេះ នឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡាញជាបណ្តើរៗសិន។ ដូច្នេះការរៀបចំទាំងនេះ គឺផ្តោតសំខាន់លើកម្រិតឯកទេសកីឡាតែម្តង ដោយទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ។
លោកអគ្គលេខាធិការ NOCC បានបញ្ជាក់បន្ថែមថា យើងកំពុងធ្វើការងារនេះដើម្បីជំរុញឲ្យអ្វីៗក្លាយទៅជាទូរទស្សន៍ជំនាញអាជីពវិជ្ជាជីវៈនៅក្នុងផ្នែកនីមួយៗ ដូច្នេះខាងកីឡាក៏មានវិជ្ជាជីវៈកីឡាដូចគ្នា ដើម្បីគោរពបាននូវស្តង់ដារមួយនៅពេលស៊ីហ្គេម ហើយចំពោះប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវមានស្តង់ដារស៊ីហ្គេមដែរ ដោយមិនមែនចេះតែធ្វើទៅបានដោយគ្មានអាជីពពិតប្រាកដ ឬគ្មានស្តង់ដារនោះឡើយ។ ការមិនមានស្តង់ដារ គឺធ្វើឲ្យការផលិតនៃប្រព័ន្ធផ្សព្វផ្សាយកីឡានោះមិនអាចត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះឡើយ។ ទូរទស្សន៍កីឡាថ្មីមួយនេះ នឹងត្រូវផ្សាយតាមប្រព័ន្ធឌីជីថលកម្រិតគុណភាពរូបភាពច្បាស់ល្អ HD (High Definition) ដែលអាស៊ានតម្រូវឲ្យយើងប្រើប្រាស់ស្តង់ដារមួយនេះ៕ ដោយ៖ តារា