ភ្នំពេញ៖ ទីបំផុត ប្រទេសកម្ពុជាយើង គ្មានអ្នកផ្ទុកជំងឺកូវីដ១៩ ទៀតនោះទេ ដោយថ្ងៃនេះអ្នកជំងឺទី១២២ បានជាសះស្បើយហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។
បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២២នាក់ ស្មើរនឹង ១០០ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៥១នាក់។
អ្នកជាសះស្បើយចុងក្រោយគេ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បច្ចុប្បន្នបានព្យាបាលជាសះស្បើយហើយ ក្រោយលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យហើយ។
សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាយើងលែងមានករណីជំងឺកូវីដ១៩ ហើយ ដោយអ្នកជំងឺដែលបានឆ្លងសរុបចំនួន ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយទាំងអស់ហើយ និងគ្មានករណីស្លាប់នោះទេ៕ ដោយ៖ តារា