រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល លោក Barsil Nelson Teich បានដាក់លិខិតលាលែងចេញពីតំណែង ក្រោយវិវាទជាមួយប្រធានាធិបតីពាក់ព័ន្ធសង្គ្រាមប្រឆាំងកូវីដ១៩។ លោក Barsil Nelson Teichទើបតែឡើងកាន់តំណែងមិនដល់មួយខែផង ក៏ត្រូវបង្ខំចិត្តលាលែងពីតំណែង។
ការសម្រេចខាងលើរបស់លោក Barsil Nelson Teich ក្រោយមានវិវាទយ៉ាងខ្លាំងជាមួយ ប្រធានាធិបតី Jair Bolsonaro ពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ១៩ ខណៈមានអ្នកឆ្លងកើនឡើងខ្ពស់នៅប្រទេសប្រេស៊ីល។ ជាមួយគ្នានោះប្រធានាធិបតីបានជំរុញប្រើប្រាស់ថ្នាំ Hydroxychloroquine ព្យាបាលអ្នកជំងឺ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលមិនព្រម ។ ក្រៅពីនេះ ក៏បានប្រឈមនឹងវិវាទពាក់ព័ន្ធការបើកទ្វារដំណើរការសេដ្ឋកិច្ចជាតិផងដែរ។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសថា ប្រធានាធបិតី បានសម្រេចបើកទ្វារ ក្លឹបកីឡា ហាងកាត់សក់ កែសម្ផស្ស … ដោយមិនបានសួរនាំយោបល់ពីក្រសួងសុខាភិបាលនោះឡើយ។
លោក Barsil Nelson Teich ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលទីពីរហើយដែលបានសម្រេចលាលែងចេញពីតំណែង ក្នុងពេលកំពុងឆ្លងរាលដាលកូវីដ១៩កាន់តែខ្លាំង។ កន្លងមក លោក Nelson Mandetta កាន់តំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្រេចលាលែងចេញពីតំណែងដោយសារវិវាទ ពាក់ព័ន្ធ ការទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩ ។
បច្ចុប្បន្នប្រេស៊ីល ឈានមុខបារាំង អាល្លឺម៉ង់ពីចំនួនអ្នកឆ្លងកូវីដ ១៩ ដោយមានពលរដ្ឋជាង២សែននាក់ហើយបានឆ្លង និងស្លាប់ជាង ១៣៩០០នាក់៕ ប្រែសម្រួលដោយ៖ MEO