ក្រុមអ្នកឃ្លាំមើលស្ថានភាពជំងឺឆ្លងបានបដិសេធការអនុញ្ញាតឱ្យអាកាសយានដ្ឋានភូកេតបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍នេះ។
កាលពីថ្ងៃព្រហស្បតិ៍អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបញ្ជាឱ្យមានការបោសសំអាតនៅតាមអាកាសយានដ្ឋានទាំងអស់រួមទាំងអាកាសយានដ្ឋានភូកេតផងដែរដើម្បីដាក់ឱ្យដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី៣ ខែមេសា។ ប៉ុន្តែនៅថ្ងៃសុក្រនេះមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណា (CCSA)បានចេញសេចក្តីប្រកាសមួយទៀតដែលលុបចោលច្បាប់អនុញ្ញាតកាលពីលើកមុន។ ទោះបីជាការរាលដាលនៃវីរុសនៅខេត្តភូកេតហាក់ដូចជាមានសំទុះតិចជាងការរំពឹងទុកក៏ដោយ អាជ្ញាធរនៅតែមានការព្រួយបារម្ភថាការហូរចូលនៃភ្ញៀវទេសចរអាចបង្កើនហានិភ័យខ្ពស់និងបង្កភាពតានតឹងកាន់តែច្រើនទៅលើប្រព័ន្ធសុខភាពរបស់ខេត្តនេះ។ ខេត្តភូកេតពុំមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចាប់តាំងពីថ្ងៃចន្ទមក។ ប៉ុន្តែចំនួនអ្នកឆ្លងសរុបក្នុងខេត្តទាំង ២២៤នាក់គឺមានតួលេខខ្ពស់បំផុតនៅក្នុងប្រទេសបន្ទាប់ពីទីក្រុងបាងកកដែលមានអ្នកឆ្លងចំនួន ១៥៥៨នាក់។
រូបតំណាង
មន្ត្រីបម្រើការអាកាសយានដ្ឋានបានបាញ់ទឹកអនាម័យសម្លាប់មេរោគនិងសម្អាតអាកាសយានដ្ឋានតាំងពីថ្ងៃព្រហស្បតិ៍ដើម្បីត្រៀមយន្តហោះចុះចតនិងហោះឡើងវិញ។ វាបានរំឮកដល់អ្នកដំណើរទាំងអស់ឱ្យពាក់ម៉ាស់នៅពេលពួកគេមកដល់ព្រលានយន្តហោះ និងពេលជិះយន្តហោះ។ កាលពីថ្ងៃសុក្រមន្ត្រីអាកាសយានដ្ឋានភូកេតបានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដើម្បីជាការសុំទោសចំពោះការផ្លាស់ប្តូរផែនការយ៉ាងតក់ក្រហល់បែបនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post