សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានបន្ទោសក្រុមឧទ្ទាមរដ្ឋអិស្លាម មិនមែនជាក្រុមតាលីបង់ទេ ជាអ្នកវាយប្រហារមន្ទីរពេទ្យមួយនៅក្នុងទីក្រុងកាប៊ុល អាហ្វហ្គានីស្ថានសប្តាហ៍នេះ សម្លាប់កុមារទើបនឹងកើត២នាក់ ។ អាមេរិកក៏បានអំពាវនាវជាថ្មីឲ្យអាហ្វហ្គានីស្ថានជម្នះឧបសគ្គ និងជំរុញសន្តិភាពឲ្យបានជាមួយក្រុមជីវពលតាលីបង់ ។
ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា ការអំពាវនាវរបស់អាមេរិកអាចធ្វើឲ្យមានទម្ងន់គ្រប់គ្រាន់ជំរុញដល់កិច្ចខិតខំដើម្បីសន្តិភាពបានដែរឬទេ ខណៈដែលការសម្រេចរបស់រដ្ឋាភិបាលទីក្រុងកាប៊ុលផ្ទុយពីនេះ គឺបន្តប្រតិបត្តិការវាយប្រហារប្រឆាំងទៅលើក្រុមតាលីបង់ ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃទី១២ ខែឧសភា បានបញ្ជាឲ្យផ្លាស់ប្តូរទៅជា «របៀបវាយប្រហារ» ប្រឆាំងទៅលើក្រុមតាលីបង់ ក្រោយការវាយប្រហារនៅមន្ទីរពេទ្យ ហើយនិងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Nangarhar សម្លាប់មនុស្សជាច្រើននាក់ ។
តំណាងពិសេសរបស់អាមេរិក Zalmay Khalilzad បានបន្ទោសទៅលើក្រុមរដ្ឋអិស្លាមថា ជាអ្នកវាយប្រហារទាំងពីរកន្លែងខាងលើនេះ ។ តាមរយៈបណ្តាញ Twitter លោកបានថ្លែងថា វាជាទង្វើរបស់ក្រុមដែលប្រឆាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពតាលីបង់ ហើយពួកនោះចង់ធ្វើឲ្យមានសង្គ្រាមតាមបែបអ៊ីរ៉ាក់នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។
លោក Khalilzad បន្ថែមថា ជាជាងការធ្លាក់ទៅក្នុងអន្ទាក់របស់ ISIS ដោយការពន្យារពេលសន្តិភាព ឬបង្កើតឲ្យមានឧបសគ្គនោះ, អាហ្វហ្គានីស្ថានត្រូវតែស្ទុះស្ទារចាប់យកឱកាសសន្តិភាពជាប្រវត្តិសាស្ត្រនោះឲ្យបាន ។ «គ្មានការសម្លាប់ទៀតទេ ។ អាហ្វហ្គានីស្ថាន និងពិភពលោក សមតែទទួលបាននូវភាពរីកចម្រើនជឿនលឿន»។
ក្រុមស្ម័គ្រស្មោះជាមួយក្រុមរដ្ឋអិស្លាមIS បានប្រកាសទទួលស្គាល់ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Nangarhar ។ នេះបើតាមក្រុមចារកម្ម SITE ។ ចំណែកការវាយប្រហារនៅមន្ទីរពេទ្យ គ្មានក្រុមណាមួយប្រកាសទទួលស្គាល់ទេ។
ក្រុមតាលីបង់បានច្រានចោលការពាក់ព័ន្ធណាមួយទៅនឹងការវាយប្រហារនេះ ។ ប៉ុន្តែរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចោទប្រកាន់ក្រុមនេះថា មានទំនាក់ទំនងជាមួយក្រុមឧទ្ទាមផ្សេងទៀត ដែលអាចពាក់ព័ន្ធការវាយប្រហារទាំងនេះ ។
ការវាយប្រហារនេះ គឺជាការធ្វើឲ្យគាំងដំណើរគម្រោងសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីនាំយកសន្តិភាពបញ្ចប់សង្គ្រាមរយៈពេលវែងរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ។
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតាលីបង់ និងអាមេរិកបានព្រមព្រៀងគ្នា ឈានដល់ការដកកងទ័ពអាមេរិកជាដំណាក់កាល ហើយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ ដោះលែងអ្នកទោសគ្នា នៅថ្ងៃទី១០ ខែមីនា នៅពេលដែលកិច្ចចរចាសន្តិភាពចាប់ផ្តើម ។
កិច្ចចរចាសន្តិភាពរវាងអាហ្វហ្គានីស្ថាន មិនទាន់កើតមាននៅឡើយទេ ហើយមានភាពជូរចត់ខ្លះនៅក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយសារតែមិនមែនជាភាគីនៃកិច្ចព្រមព្រៀងថ្ងៃទី ២៩ ខែកុម្ភៈនោះទេ ហើយដែលថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ឥទ្ធិពលរបស់ពួកគេ តាមរយៈការចរចាដោយផ្ទាល់ជាមួយតាលីបង់ ។
ការសម្រេចចិត្តរបស់លោក Ghani ក្នុងការធ្វើប្រតិបត្តិការវាយលុកឡើងវិញ ត្រូវបានគាំទ្រដោយឥស្សរជនប្រឆាំងជាច្រើន ដែលជឿជាក់ថា ការផ្តោតអារម្មណ៍តែមួយគត់របស់ទីក្រុងវ៉ាស៊ីនតោនគឺរក្សាផែនការដកកងទ័ពអាមេរិកឱ្យនៅលើគន្លងផ្លូវដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ អាចឈ្នះការបោះឆ្នោតប្រធានាធិបតីអាណត្តិទី ២ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat