ភ្នំពេញ៖ បើទោះជាកម្ពុជាយើងមិនមានករណីឆ្លងថ្មី ក្នុងរយៈពេលជាងមួយខែហើយក្តី ក៏យើងមិនត្រូវធ្វេសប្រហែស មើលស្រាលទៅលើបញ្ហានេះនោះទេ។ អ្វីដែលជាការយកចិត្តទុកដាក់នោះគឺ ក្រែងលោផ្ទុះឡើងវិញហើយត្រួតត្រាលែងបាន ជាពិសេសការស្នើសុំណាមួយទាក់ទងការបើកសាលារៀន គឺមិនគួរប្រញាប់ប្រញាល់ប្រកាសបើកដំណើរការវិញនោះទេ។ នេះបើតាមប្រសាសន៍ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០នេះ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ត្រូវពន្យារការបើកសាលារៀន ធ្វើយ៉ាងណាឲ្យជីវីតរស់នៅគង់វង្សសិន។ ប្រសិនបើជំងឺកូវីដ១៩ ចូលទៅក្នុងសាលា គឺស្មើនិងចូលទៅក្នុងសហគមន៍តែម្តង ហើយជាក្រុមងាយរងគ្រោះបំផុត។ ឯដំណើរការជីវភាពប្រជាជនទើបវិលត្រឡប់ប្រក្រតីវិញនៅកន្លែងខ្លះ ប៉ុន្តែបញ្ហានេះ យើងក៏មិនបន្តឹងពេក ហើយក៏មិនធូររលុងពេកដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ថា មិនតឹងត្រង់ថា កម្ពុជាមិនដាក់ច្បាប់ក្នុងគ្រាប្រទេសមានអាសន្ន ឬក៏រឹតត្បិតការជួបជុំដោយកម្រិតចំនួនមនុស្សនោះទេ ហើយក៏មិនបានបិទផ្សារ រោងចក្រ បិទហាងបាយ ហាងកាហ្វេ ជាដើមឡើយ ប៉ុន្តែ យើងបានបិទសកម្មភាពមួយចំនួន ដូចជាសាលារៀន កន្លែងហាត់ប្រាណ ក្លិបរាត្រី ខារ៉ាអូខេ និងការប្រារព្ធពិធីសាសនាធំៗ ដែលមានការជួបជុំគ្នាច្រើន។
សម្តេចបន្ថែមថា យើងត្រូវបន្តពង្រឹងកិច្ចការនេះទៀត តាមរយៈការអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់កុំភ្លេចខ្លួនអំពីបញ្ហានេះ។ ហើយក៏នៅតែបន្តការរឹតត្បិត ចំពោះការចូលមកក្នុងប្រទេសសូម្បីជនជាតិខ្លួនឯងក៏ត្រូវតែប្រយ័ត្នដែរ។ សម្តេចបានលើកឡើង អំពីករណីនៅប្រទេសវៀតណាមនៅថ្ងៃនេះ មានអ្នកឆ្លងរហូតដល់២៤នាក់ ដែលសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសទាំងអស់។
ហេតុនេះហើយ បានជាយើងត្រូវប្រយ័ត្នប្រយែងចំពោះម៉ាឡេស៊ី ដែលចង់ដឹកប្រជាពលរដ្ឋខ្មែរចូលមកកម្ពុជា ដោយត្រូវដាក់លក្ខខណ្ឌជាមួយម៉ាឡេស៊ីឲ្យបានច្បាស់ មួយវិញទៀតគឺមកពី អារ៉ាប៊ីសាអូឌីត ដែលត្រូវមកដល់នៅពេលខាងមុខ ត្រូវតែឃុំគ្រង់បញ្ហានេះឲ្យជាប់ ពេលមកដល់គឺមិនអាច ឲ្យចាកចេញទៅណាទេ គឺត្រូវតែធ្វើចត្តាឡីស័ក។ សម្តេចបញ្ជាក់បន្ថែម ថាការដែលល្អបំផុតក្នងកាលៈទេសៈនេះ គឺសំណូមពរឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំទាន់អាលត្រឡប់ចូលស្រុក បើនៅកន្លែងណាគឺនៅកន្លែងនោះគឺសុវត្ថិភាពបំផុត៕ ដោយ៖ ប៊ុនធឿន