ភ្នំពេញ៖ ប្រសិនបើភោជនីយដ្ឋាន ណាមិនអនុវត្តនតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់វីរុសកូវីដ១៩ ត្រូវបិទជាបណ្ដោះអាសន្នសិន រហូតរៀបចំមានអនាម័យហើយ ចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកស្រង់ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួននាព្រឹកនេះថា៖ “សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យ ហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ”។
សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបន្តយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមានរលកនៃការរីករាលជំងឺកូវីដ១៩នេះ ដែលអាចកើតមានជាថ្មី។ សម្តេចតេជោ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានសម្រេចបន្ថែមថវិកាគាំពារលើការបាត់បង់ការងារផងដែរ។
គួររម្លឹកថា គិតមកត្រឹមព្រឹកថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយកើនដល់ចំនួន ១២១នាក់ហើយ ខណៈអ្នកជំងឺនៅសល់ត្រឹមតែម្នាក់ទៀតប៉ុណ្ណោះ៕ ដោយ៖ តារា