Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១៤ម៉ឺននាក់​ភៀសខ្លួនពីខ្យល់ព្យុះនៅហ្វីលីពីន ចំពេលកំពុងរាតត្បាតជំងឺកូវីដ​១៩

ជំងឺកូវីដ​១៩​នៅក្នុងប្រទេសហ្វីលីពីន​បាននិងកំពុងបន្តកើនការឆ្លង និងបាត់បង់ជីវិត ។ ស្របពេលដែលប្រជាជន​កំពុង​អនុវត្ត​វិធានការ​ចាក់សោ ឬបិទប្រទេស​របស់រដ្ឋាភិបាល​នោះ ខ្យល់ព្យុះកម្លាំងខ្លាំង​ស្រាប់តែបក់បោក​ចូលប្រទេសហ្វីលីពីន បង្ខំឲ្យពលរដ្ឋ​ប្រហែល​១៤ម៉ឺននាក់​​ត្រូវជម្លៀសខ្លួន ។ 

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន នៅថ្ងៃទី១៥ ខែឧសភា បានបញ្ជាក់ថា អ្នកឆ្លងកូវីដ​១៩​នៅ​ប្រទេសនេះ​កើនឡើងជាង ១១ ៨០០​នាក់ ក្នុងនោះ​អ្នកបាត់បង់ជីវិត ៧៩០នាក់ ។ 

ប្រភពបន្តថា ខណៈពលរដ្ឋ​កំពុង​តែភ័យខ្លាច​ការឆ្លងរាតត្បាត​ពីវីរុស ស្រាប់តែ​ខ្យល់ព្យុះកម្លាំងខ្លាំងបក់បោកនៅតំបន់ខ្លះ​របស់ប្រទេសនេះ បង្ខំឲ្យអាជ្ញាធរ​ជម្លៀស​ប្រជាជន​ប្រហែល​១៤១ ៧០០នាក់ ទៅរកទីកន្លែង​ជំរំមានសុវត្ថិភាព ។ អាជ្ញាធរ​ត្អួញត្អែរ​ថា ការជម្លៀស​ពលរដ្ឋទៅកាន់ទីកន្លែងជំរំសុវត្ថិភាព​ជួបការលំបាក ដោយភ័យខ្លាចឆ្លងកូវីដ ១៩ ។ ប៉ុន្តែយ៉ាងណា ត្រូវតែធ្វើឲ្យអស់ពីលទ្ធភាព និងពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ។ 

មន្ត្រីអាកាសធាតុហ្វីលីពីន​អះអាងថា ខ្យល់ព្យុះ Vongfong នាំមកជាមួយភ្លៀងធ្លាក់ខ្លាំង​បានមកដល់​តំបន់មាត់សមុទ្រនៃកោះ Samar ​កាលពីថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០ ។ វាមានល្បឿន​ប្រហែល​១១៥គីឡូម៉ែត្រក្នុងមួយម៉ោង ។ ឥទ្ធិពលខ្យល់ព្យុះនេះអាចបក់បោករំលើងដំបូលលំនៅឋានប្រជាជន ដែលនៅតាមឈូងសមុទ្រភាគខាងកើត​ប្រទេស ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មិនមានរបាយការណ៍​គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ 

នៅថ្ងៃទី១៥​ ខែឧសភា ខ្យល់ព្យុះ​នេះបានបក់បោក​ដល់តំបន់ទីក្រុង San Andres ឆ្ពោះទៅកាន់ទិសពាយព្យ ។ ទីក្រុង San Andres មានចម្ងាយប្រហែល​១៤០គីឡូម៉ែត្រ​ ភាគអាគ្នេយ៍រដ្ឋធានី​ម៉ានីល ។ 

គួរបញ្ជាក់ថា ព្យុះទីហ្វុងដែលបង្កគ្រោះថ្នាក់ និងរំខានដល់ការរស់នៅរបស់ប្រជាជនហ្វីលីពីននោះ មានជាមធ្យមភាព២០ដង ជារៀងរាល់ឆ្នាំ ។ 

ព្យុះទីហ្វុងដែលបណ្តាលឱ្យស្លាប់មនុស្សច្រើនជាងគេបំផុតនៅក្នុងប្រទេសនេះ គឺព្យុះទីហ្វុងហៃយ៉ាន ដែលបានបណ្តាលឱ្យមនុស្សស្លាប់ ឬបាត់ខ្លួន ជាង ៧.៣០០ នាក់ កាលពីឆ្នាំ ២០១៣ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9219103