ផែនការគន្លឹះមួយចំនួនត្រូវបានដាក់ចេញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនាខេត្តសៀមរាប ក្នុងវិបត្តិកូវីដ១៩
សៀមរាប៖ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ស្របពេលពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ ។ នេះបើយោងតាមកិច្ចប្រជុំស្វែងរកយន្តការទាក់ទាញភ្ញៀវទេសចរជាតិ កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ស្ថានភាពបច្ចុប្បន្ន យើងមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាឲ្យភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍ឲ្យបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជំរុញឲ្យសេវាកម្មទេសចរណ៍នានាឲ្យដំណើរការបានមួយចំនួនផងដែរ។
ជាមួយគ្នានេះ អគ្គនាយករង និងជាអនុប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍លោក សុខ សង្វារ បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះដែរ។ ជាពិសស ឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាសដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើង ដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ ប៉ុន្តែលោក នៅតែក្រើនរំឭកដល់អង្គប្រជុំអំពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសារតែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ។
គួរបញ្ជាក់ថា យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញ គឺដើម្បីទាក់ទាញទេសចជាតិ ដូចជា ជំរុញឲ្យបណ្តាស្រុក ជាពិសេស ស្រុកដែលមានសក្តានុពលទេសចរណ៍ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈមធ្យោបាយងាយៗដូចជា បណ្តាញហ្វេសបុកជាដើម ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូចដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តង់ដារចំណីអាហារដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាដើម៕ ដោយ៖ តារា