ខេត្តមណ្ឌលគិរី៖ សត្វទន្សោងពីរក្បាលត្រូវបានគេប្រទះឃើញងាប់ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការផ្សាយរបស់សារព័ត៌មាននគរវត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថាមានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុនរបស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈើ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។ នេះបើតាមសារព័ត៌មាននគរវត្ត ដែលបានស្រង់សម្តី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ។
តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ក្រុមការងារមន្ត្រីជំនាញបានឃើញសត្វទន្សោងញី ចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅ ក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល ៣០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។
ទាក់ទិនក្នុងរឿងសត្វទន្សោងងាប់នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងប្រតិកម្ម ហើយចែករំលែកបន្តនៅតាមបណ្តាញសង្គមហ្វេសប៊ុក តាមការសរសេរដែលត្រូវបានគេយកទៅចែករំលែកបន្តនោះ គេដាក់ថា “ថ្ងៃទី១៤ខែឧសភាឆ្នាំ ២០២០នេះគឺឡានមន្ត្រីយោធាដែលចូលមកបាញ់សត្វនៅក្នុងព្រៃសង្ឃរុក្ខវ័ន្តនៅត្រង់ចំណុចំការចេក ភ្នំអណ្តូងភូមិចាថ្មីខាងកើត មន្ត្រីបរិស្ថានប្រមាណជាង១០០ម៉ែត្រ សោះហេតុអ្វីបានជាគាត់មិនលឺកាំភ្លើងបាញ់សត្វអីចឹង ?ក្រោយបានបាញ់ ហើយគាត់បើកគេច ចង់បំបុក ហ្វងពួកអាត្មារទៀត ឆ្ងល់ៗៗៗ។ពួកអាត្មាជាអ្នកអភិរក្សញោមជាអ្នកបំផ្លាញតើសមទេ ? ព្រះអង្គ ស្នើរដល់ ក្រសួងការពារជាតិ សម្តេច ពិជ័យសេនា ទៀ បាញ់ មេត្តា ជួយអន្តរាគមន៍ករណី មន្ត្រីយោធា ប្រើប្រាស់រថយន្ត ម៉ាក ម៉ាស្តា ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-94 04 តែងមានគំនិតទុច្ចរិត សត្វឃាត ក្នុងតំបន់ ដែនព្រៃ អភិរក្ស របស់ សង្ឃ រុក្ចវន័ ៕ សំណេរ ព្រះសង្ឃ” ៕ ដោយ៖ ប៊ុនធឿន