បើតាមបណ្ដាញសារព័ត៌មាន 163 បានរាយការណ៍ថា ក្រសួងផ្សព្វផ្សាយ និងទូរទស្សន៍របស់ប្រទេសចិន ទើបតែចេញច្បាប់ថ្មី ដែលនឹងហាមសិល្បករ សិល្បការិនីទាំងអស់ដែលមានរឿងអាស្រូវ ធ្វើឲ្យប៉ះពាល់ដល់សង្គមមិនឲ្យ livestream លក់ឥវ៉ាន់លើគ្រប់បណ្ដាញសង្គមទាំងអស់។ ដីការច្បាប់ថ្មីនេះត្រូវបានផ្ញើជូនក្រុមហ៊ុន និងដាក់ប្រើប្រាស់ចាប់ពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០កន្លងទៅ។ យ៉ាងណាមិញច្បាប់ថ្មីនេះចេញមកគឺដើម្បីចង់ឲ្យការលក់ឥវ៉ាន់អនឡាញប្រកបដោយវិជ្ជាជីវៈ។
ដោយឡែក បើយោងតាមច្បាប់ថ្មីនេះ តារាសម្ដែងស្រីចិន Fan Bingbing នឹងត្រូវខាតចំណូលជាច្រើនលានដុល្លារ ដោយសារត្រូវគេរឹតបន្តឹងមិនឲ្យ live លក់ទំនិញលើបណ្ដាញសង្គមតទៀត។ ប្រភពដដែលបានឲ្យដឹងថាតារាសម្ដែងស្រី Fan Bingbing និង Li Xiaolu គឺជាតារា ២រូបដែលស្ថិតក្នុងចំណោមតារាដែលត្រូវហាមមិនឲ្យ live លក់ឥវ៉ាន់លើកទី១។
បើតាមបណ្ដាញព័ត៌មាន Sina ក្នុងអំឡុងពេលជំងឺកូវីដ១៩កើតឡើង ចំនួនអ្នកទិញអនឡាញបានកើនឡើង ធ្វើឲ្យតារាជាច្រើនលក់ឥវ៉ាន់បានយ៉ាងផុសផល។ លើសពីនេះតម្លៃឡាយលក់ឥវ៉ាន់របស់ Fan Bingbing សម្រាប់មួយម៉ោងគឺ ៧០ ម៉ឺនដុល្លារ គឺខ្ពស់ជាងតម្លៃខ្លួនពេលថតកុនឆ្ងាយណាស់។
ដូចគ្នាដែរ តារា Li Xiao Lu អាចរកប្រាក់បាន ៦,៦លានដុល្លារ ក្នុងរយៈពេលឡាយលក់ ៤ម៉ោង ដោយគ្រាន់តែលុយបានជាកាដូគឺឡើងដល់ ១៣០០០០ដុល្លារ។ បើកាត់ថ្លៃចាយវាយផ្សេងៗ Li Xiao Lu រកចំណូលបានប្រមាណ ៣លានដុល្លារ។
បើច្បាប់នេះនៅតែបន្តអនុវត្តរហូត Fan Bingbing និង Li Xiaolu នឹងអស់ផ្លូវហើយ ដ្បិតក្រៅពីលក់ឥវ៉ាន់អនឡាញ ពួកគេមិនមានគម្រោង ក៏ដូចត្រូវបានអ្នកណាអញ្ជើញថតរឿងថ្មីឡើយ ដោយសាររឿងអាស្រូវគេចពន្ធ និងក្បត់ប្ដីរបស់ខ្លួន៕
ប្រភព៖ news.zing.vn