ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់តែម្នាក់ឯងនៅក្នុងបុរីពិភពថ្មី៣ ខណៈដែលអ្នករស់នៅក្នុងបុរីនេះមានការធំក្លិនជះភាយចេញមកខាងក្រៅក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីពិភពថ្មី៣ ផ្លូវលេខ៦ ផ្ទះលេខ៦៦ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើមានឈ្មោះ ហេង ប៊ុនផេង អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចជំនាញកោសល្យវិច្ច័យរបស់ការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សពបុរសខាងលើនេះអាចស្លាប់រយៈពេល៤សប្តាហ៏មកហើយ ដោយបុរសខាងលើនេះបានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរសាកសពមានកំប៉ុងថ្នាំពេទ្យចំនួន ២កំប៉ុងដែលបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់សាកសពបុរសខាងលើនេះ បានបង្ហើបឲ្យដឹងថា មូលហេតុដែលរូបគាត់លេបថ្នាំសម្លាប់ខ្លួនបែបនេះដោយសារតែមានវិបត្តិផ្លូវចិត្ត។
ចំណែកឯសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សួង សាម