យោធាសហរដ្ឋអាមេរិកបានចូលរួមរំលែកទុក្ខនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំពោះឧប្បត្តិហេតុបាញ់ច្រឡំមួយរបស់កងកម្លាំងអ៊ីរ៉ង់ សម្លាប់កងទ័ពរបស់ខ្លួនចំនួន ១៩ នាក់ ។
អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃទី១១ ខែឧសភាបានប្រកាសថា មីស៊ីលមួយគ្រឿងបានធ្លាក់ទៅលើនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ Konarak ស្ថិតនៅជិតកំពង់ផែ Jask ចម្ងាយប្រមាណ ១ ២៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងតេរ៉ង់ ក្នុងឈូងសមុទ្រ អូម៉ង់ ។
អាជ្ញាធរអ៊ីរ៉ង់បានថ្លែងថា នាវា Konarak គឺនៅជិតគោលដៅខ្លាំងពេក ហើយរងនូវគ្រាប់មីស៊ីលដោយចៃដន្យកាលពីថ្ងៃទី១០ ខែឧសភា នៅក្នុងឧប្បត្តិហេតុមួយដែលបានធ្វើឱ្យទាហានចំនួន ១៥ នាក់ថែមទៀត រងរបួសផងដែរ ។
ប្រភពព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១៤ ខែឧសភាថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកវរសេនីយ៍ឯក Bill Urban អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកបានថ្លែងថា កងកម្លាំងអាមេរិក សូមចូលរួមរំលែកទុក្ខដោយស្មោះដល់ប្រជាជនអ៊ីរ៉ង់ចំពោះការបាត់បង់ជីវិតដ៏សោកសៅនេះ ។
យ៉ាងណាក៏ដោយ លោក Urban បានរិះគន់ផងដែរ ចំពោះការបណ្តុះបណ្តាលហ្វឹកហ្វឺនធ្វើឡើងនៅជិតច្រកសមុទ្រ ហូមូស (Hormuz) ដែលជាមាត់តូចចង្អៀត ស្ថិតតាមឈូងសមុទ្រពែរ្ស និងជាច្រកឆ្លងកាត់ប្រហែល២០ភារយនៃការនាំប្រេងសរុបរបស់ពិភពលោក ។
លោក Urban បានថ្លែងថា “គ្រោះថ្នាក់នេះបានកើតឡើងនៅជិតច្រកដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ហើយកើតឡើងនៅអំឡុងពេលដែលតំបន់ទាំងមូលកំពុងផ្តោតលើការប្រយុទ្ធប្រឆាំងកូវីដ១៩នោះ, ការបាត់បង់ជីវិតដែលមិនចាំបាច់បែបនេះ គឺជារឿងដែលគួរឲ្យសោកស្តាយជាទីបំផុត» ៕ ប្រែសម្រួលដោយ៖ thach yat