ខេត្តបាត់ដំបង៖ អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹក លោក ហែម គិរី បានឲ្យដឹងថា មណ្ឌលហែលទឹក ខេត្តបាត់ដំបង គិតត្រឹមពេលនេះមានរយៈពេល៨ខែហើយ ដោយសម្រេចបានលទ្ធផល៦០ភាគរយ។ លទ្ធផលសម្រេចបាននោះ មានតួអាងទំាង៣ រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំចេញជារូបរាងហើយ ចំណែកគ្រោងអគារទំាងអស់ ក៏រួចរាល់ផងដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោកអគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹក បានបន្តថា ការសាងសង់គឺធ្វើឡើងតាមស្តង់ដារអន្តរជាតិ លើផ្ទៃដីសាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកបានបន្តថា ការសាងសង់អាងហែលទឹកនេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់ មានសកម្មភាពឡើងវិញ ឬកីឡាហែលទឹកក្នុងខេត្តមួយនេះរស់ឡើងវិញ ដូច្នេះយើងត្រូវការអាងហែលទឹកថ្មី ហើយមានទំហំដូចអាងហែលទឹកខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ និង ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។
ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ។
សូមបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យខេត្តបាត់ដំបងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក៕ ដោយ៖ ប៊ុនធឿន