Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចស ខេង ដាក់ចេញវិធានការ៥ចំណុច ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ការចេញចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។ នេះបើយោងតាមលិខិតចុះនាថ្ងៃទី១៣ ខែឧសភា របស់ក្រសួងមហាផ្ទៃ។

ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលខេត្តត្រូវចាត់ចែងអនុវត្តនូវវិធានការសំខាន់ៗចំនួន ៥ចំណុចដូចខាងក្រោម៖

១-ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ នៅតាមតំបន់ព្រំដែនឱ្យចូលរួមសហការគ្នា ដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។

២-ត្រូវស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ ដែលចលនាអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា

៣-ក្នុងករណី នៅតែមានពលរដ្ឋខ្មែរ លួចចូលទៅកាន់ប្រទេសជិតខាងដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរគេឃាត់ខ្លួននោះ រដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវទំនាក់ទំនង និងសម្របសម្រួល ជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ឱ្យបានទាន់ពេលវេលា ដើម្បីស្នើសុំបញ្ជូនពលរដ្ឋខ្មែរត្រឡប់មកវិញ រួមទាំងពិនិត្យសុខភាពពួកគេ ហើយអនុវត្តវិធានការចត្តាឡីស័ក និងបញ្ជូនពួកគេទៅកាន់លំនៅដ្ឋានរៀងៗខ្លួន 

៤-បច្ចុប្បន្នប្រទេសជិតខាង នៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ហេតុនេះ រដ្ឋបាលខេត្តត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជិតខាង ក្នុងរយៈពេលនេះជាដាច់ខាត។

៥-ត្រូវបន្តពង្រឹងការអនុវត្តវិធានការ និងគោលការណ៍របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។ នេះជាការរំឭករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9216541