ប្រធានាធិបតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានពិភាក្សាតាមទូរស័ព្ទរយៈពេលប្រហែល៣០នាទី ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានទូរទស្សន៍ Arirang នៅកូរ៉េខាងត្បូងថ្ងៃទី១៤ ខែឧសភា ។
ប្រភពបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះ មេដឹកនាំចិននៅតែប្តេជ្ញាការបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២០នេះ ។ មេដឹកនាំ មូន បានថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ុលរបស់ប្រធានាធិបតីចិន គឺជាកិច្ចការសំខាន់បំផុតជាងកិច្ចការអ្វីៗទាំងអស់ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងជាឧបតោភាគីរវាងប្រទេសទាំងពីរ ។
មេដឹកនាំទាំងពីរយល់ព្រមចាប់ផ្តើមពិភាក្សា នៅពេលដែលស្ថានការកូវីដ១៩ធូរស្រាល និងបរិយាកាសអំណោយផលល្អ ។
គួរបញ្ជាក់ថា នេះការសន្ទនាតាមទូរស័ព្ទលើកទីពីររបស់មេដឹកនាំចិន និងកូរ៉េខាងត្បូង ចាប់តាំងពីពេលវីរុសបានរាតត្បាត ។ កិច្ចភាក្សាកាលពីលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ។
មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះប្រព័ន្ធចូលថ្មី «ផ្លូវលឿន» សម្រាប់អ្នកជំនួញរវាងប្រទេសទាំងពីរផងដែរ ។ ប្រព័ន្ធចូលថ្មី ផ្លូវលឿន សម្រាប់អ្នកជំនួយនោះ បានចាប់ផ្តើមសម្រួលនីតិវិធីតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
ប្រធានាធិបតី ស៊ី បានថ្លែងថា កំពុងទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ខណៈកូរ៉េខាងត្បូងវិញ លោកប្រធានាធិបតី មូន ក៏បានសម្តែងក្តីសង្ឃឹមជឿជាក់ទៅលើប្រព័ន្ធ ផ្លូវលឿន នេះអាចក្លាយជាគំរូមួយសម្រាប់សហគមន៍សកលលោក ។
ទាក់ទងបញ្ហាឧបទ្វីបកូរ៉េវិញ ប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ចំពោះការបន្តគាំទ្រដំណើរការសន្តិភាព ដែលប្រធានាធិបតី មូន បានសម្តែងការពេញចិត្តពេញថ្លើមជាខ្លាំង ៕ ប្រែសម្រួលដោយ៖ thach yat