(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាមិនមានករណីជាសះស្បើយ និងឆ្លងថ្មីឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ១នាក់ ជាស្តី្រ ក្នុងចំណោមអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្រេចបញ្ជូនស្រី្តជនជាតិខ្មែរ នៅខេត្តបន្ទាយមានជ័យរូបនេះ មកបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ផងដែរ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់ ដែលបានរាតត្បាតលើខេត្តចំនួន ១៣ រួមមាន៖ រាជធានីភ្នំពេញ ២៨នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៤នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់។
ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២១នាក់ រួមមាន ជនជាតិខ្មែរ ៥១នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ។
សូមបញ្ជាក់ផងដែរថា ចំនួនសរុបវត្ថុសំណាក ដែលបានធ្វើវិភាគទាំងអស់មាន ១៤ ៤៦១សំណាក សម្រាប់ទូទាំងប្រទេស ដោយគិតចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជនមួយលាននាក់ កម្ពុជាបានធ្វើវិភាគបានចំនួន ៨៨៩នាក់ ដែលជាចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន៕